ភ្ញាក់ព្រឺត..! លោកស្នងការខេត្តសៀមរាបឃើញបង្កគ្រោះថ្នាក់ច្រើន បញ្ជាឱ្យមន្ត្រីជំនាញចុះចាត់វិធានការរថយន្តដឹកលើសចំណុះ
អុន សម្ផស្ស
19 ឧសភា 2025 04:30 AM

ក្រុងសៀមរាប៖ ក្រោយសង្កេតឃើញបញ្ហាគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តកើនឡើងជាបន្តបន្ទាប់ ស្នងការនគរបាលខេត្តសៀមរាប កាលពីរសៀសថ្ងៃទី១៨ឧសភា បានបញ្ជាដល់កម្លាំងជំនាញចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យយានយន្តកែច្នៃខុសបច្ចេកទេសដែលដឹកសម្ភារសំពីងសំពោង…។

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បញ្ជាក់ថា កន្លងមកបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តសៀមរាប តែងកើតឡើងជារឿយៗបង្កជាហានិភ័យខ្ពស់ ប៉ះពាល់ដល់អាយុជីវិតពលរដ្ឋ។ លោកបញ្ជាក់បន្ថែមថា៖«បញ្ហាទាំងនេះ ច្រើនកើតឡើងដោយសារអ្នកបើកបរយានយន្តគ្រប់ប្រភេទ បើកបរមិនគោរពទៅតាមស្លាកសញ្ញា គំនូសសញ្ញា ភ្លើងសញ្ញាចរាចរណ៍ ការដឹកសម្ភារសំពីងសំពោង ការដាក់មនុស្សលើសចំណុះ ការបើកបរហួសល្បឿនកំណត់ ការបើកបរដោយធ្វេសប្រហែស និងការបើកបរស្ថិតក្នុងស្ថានភាពស្រវឹងជាដើម»

ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ លោកបញ្ជាឱ្យមន្ត្រីតាមបណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំងអស់ ចុះត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស និងមានវិធានការចំពោះយានយន្តទាំងហ្លាយណាដែលដឹកសម្ភារសំពីងសំពោង។ យានយន្តដាក់មនុស្សលើសចំណុះមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងត្រូវអនុវត្តតាមវិធានការច្បាប់ដែលបានកំណត់។ ក្រៅតែពីការបញ្ជាដល់មន្ត្រីក្រោមឱវាទ លោកស្នងការ ក៏បានអំពាវនាវដល់សាធារណជនដែលជាអ្នកប្រើប្រាស់ដងផ្លូវទាំងអស់ ត្រូវយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឱ្យបានខ្ពស់គ្រប់ពេលដែលធ្វើដំណើរ គោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត