សូមប្រុងប្រយ័ត្នខ្ពស់! ទឹកជំនន់វាយប្រហារលំនៅឋាន សាលារៀន មន្ទីរពេទ្យ វត្តអារាមជាង៤០ភូមិនៅខេត្តសៀមរាប
អុន សម្ផស្ស
03 កញ្ញា 2025 10:00 AM

ក្រុងសៀមរាប៖ រយៈពេល៣ថ្ងៃចុងខែសីហា ភូមិចំនួន៤១នៃស្រុកចំនួន៤ ក្នុងខេត្តសៀមរាប បានរងការជន់លិចដោយជំនន់ទឹកភ្លៀង បង្កឱ្យប៉ះពាល់លំនៅឋានប្រជាពលរដ្ឋជាង៣៦០ខ្នងផ្ទះ សាលារៀន មន្ទីរពេទ្យ វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត។ នេះបើតាមរបាយការណ៍បង្ហាញដោយរដ្ឋបាលខេត្តសៀមរាប កាលពីយប់ថ្ងៃទី២កញ្ញា...។

ចំពោះមុខបញ្ហានេះ រដ្ឋបាលខេត្តសៀមរាបតាមរយៈ លោកអភិបាលរងខេត្ត អឹង គឹមលាង កាលពីថ្ងៃទី២កញ្ញា បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែលរងផលប៉ះពាល់។ ក្នុងស្ថានភាពទឹកជំនន់បាននិងកំពុងស្រកចុះវិញជាបណ្ដើរៗ លោកអភិបាលរងខេត្ត បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងជំនាញពាក់ព័ន្ធ ត្រូវរួមសហការគ្នាធ្វើការ វាយតម្លៃ នៃការខូចខាតឱ្យបានច្បាស់លាស់ និងលើកផែនការជាក់លាក់ ដើម្បីជាវិធានការជួយដល់ប្រជាពលរដ្ឋ ព្រមទាំងការងារជួសជុលហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា និងឆាប់រហ័ស។

មួយវិញទៀត លោកសំណូមពរឱ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋបន្តបង្កើនការប្រុងប្រយ័ត្នពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ និងត្រៀមឆ្លើយតបជាប្រចាំ ជាពិសេសទីតាំងងាយរងការជន់លិច។ ទន្ទឹមគ្នានោះ លោក ក៏ជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ត្រូវមានភាពម្ចាស់ការ ក្នុងពេលមានគ្រោះមហន្តរាយធម្មជាតិកើតមានក្នុងភូមិសាស្ត្រខ្លួន ត្រូវធ្វើយ៉ាងណាកុំឱ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ គឺត្រូវប្រើឱ្យអស់គ្រប់វិធានការ ក្នុងការដោះស្រាយជូនដល់ប្រជាពលរដ្ឋយើង រស់នៅមានភាពសុខសាន្ត។

សូមជម្រាបថា បន្ទាប់ពី​ភ្លៀងធ្លាក់ជាប់ៗគ្នាបណ្ដាលឱ្យមានជំនន់​ទឹកភ្លៀង បង្កផលប៉ះ​ពាល់ដល់ខេត្ត​ចំនួនបី គឺ ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តក្រចេះ បង្កផលប៉ះពាល់ប្រជាពលរដ្ឋចំនួន៦៦៥គ្រួសារ ព្រមទាំង​ប៉ះពាល់​ផល​ដំណាំ​កសិកម្មជាង ១៨៧ហិកតា។ នេះបើតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន ដោយយោងតាមអ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ​មហន្តរាយ គឹតត្រឹមថ្ងៃទី២កញ្ញា។ គួរជ្រាបថា កម្ពុជានឹងមានភ្លៀងបន្តធ្លាក់កើនឡើងពីបង្គួរទៅច្រើន លាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់រហូតដល់ថ្ងៃទី៩កញ្ញា ឆ្នាំ២០២៥ ដោយសារឥទ្ធិពលសម្ពាធទាបកើតនៅសមុទ្ទចិនខាងត្បូង នឹងវិវត្តទៅជាព្យុះទី១៥ បោកបក់លើសមុទ្ទអាន់ដាម៉ាន់ ឈូងសមុទ្ទថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត