អ្នកជំនាញវាយតម្លៃថា ខ្លោងទ្វារទី២ខាងកើត «ប្រាសាទបន្ទាយប្រី» នឹងជួសជុលរួចនៅចុងឆ្នាំនេះ
អុន សម្ផស្ស
27 មិថុនា 2025 11:00 AM

ក្រុងសៀមរាប៖ ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា វាយតម្លៃថា ដំណើរការជួសជុលពង្រឹងរចនាសម្ព័ន្ធខ្លោងទ្វារទី២ខាងកើត «ប្រាសាទបន្ទាយប្រី» រំពឹងថា អាចនឹងបញ្ចប់រួចរាល់នៅចុងខែវិច្ឆិកា ឆ្នាំ២០២៥..។

<br />

លោក ជា សារិទ្ធ មន្រ្តីបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បញ្ជាក់ថា ​ ការជួសជុលសង្រ្គោះរចនាសម្ព័ន្ធ​ប្រាសាទ ឱ្យមានភាពរឹងមាំឡើងវិញនាពេលនេះ គឺជាដំណាក់កាលទី២នៃគម្រោង ហើយគិតត្រឹមចុងខែមិថុនានេះ កំពុងដំណើរការទៅមុខ​ដោយរលូន។ លោកបញ្ជាក់ថា កាលពីដំណាក់កាលទី១ ធ្វើឡើងក្នុងឆ្នាំ២០២៤ ដោយក្នុងនោះបានសិក្សាស្រាវជ្រាវឯកសារពាក់ព័ន្ធនឹងកិច្ចការមានកន្លងមកនៅប្រាសាទនេះ។ តាមអ្នកជំនាញដដែល ដោយសារកត្តាធម្មជាតិ អាយុកាលសំណង់ និងការរំខានដោយកត្តាមនុស្សផងនោះ ទើបធ្វើឱ្យសំណង់ប្រាសាទនេះ មានការបាក់បែក និងដួលរលំជាច្រើន ដែលទាមទារឱ្យ​មាន​ការសង្រ្គោះ និងជួសជុលពង្រឹងរចនាសម្ព័ន្ធឡើងវិញ។

លោក ជា សារិទ្ធ បញ្ជាក់ថា៖«ក្រុមការងាររបស់លោកបានរើ និងរៀបថ្មឡើងវិញទាំងស្រុង។ ពេលកំណាយសិក្សាគ្រឹះ គេប្រទះឃើញថ្មជញ្ជាំង និងដំបូល លើកលែងតែថ្មខឿនដែលគេរកមិនឃើញ ប្រហែលគេដកយកទៅប្រើនៅទីតាំងផ្សេង។ ម្ល៉ោះហើយ ពេលជួសជុលគេត្រូវជំនួសថ្មថ្មី​ ដើម្បីពង្រឹងរចនាសម្ព័ន្ធខឿនឱ្យរឹងមាំ»។ គម្រោងនេះ ធ្វើឡើងដោយអនុលោមតាមផែនការមេរបស់អាជ្ញាធរជាតិអប្សរា ដែលត្រូវធានាបាននូវសុវត្ថិភាពសំណង់ប្រាសាទ និងភ្ញៀវទេសចរ និងលើកតម្លៃសំណង់ស្ថាបត្យ​ប្រវត្តិសាស្ត្រសម័យអង្គរ។ លើសពីនោះ គឺការពង្រីកវង់ទស្សនាទៅកាន់ប្រាសាទបន្ទាយប្រី​ ដើម្បីបញ្ចៀសការកកស្ទះពីប្រាសាទធំៗ។

គួរជម្រាបថា ប្រាសាទបន្ទាយប្រី មានទីតាំងស្ថិតនៅខាងជើងប្រាសាទព្រះខ័ន​ ហើយកសាងឡើងក្នុងរាជព្រះបាទជ័យវរ្មនទី៧ ស្ថិតក្នុងរចនាបថបាយ័ននាចុងសតវត្សរ៍ទី១២ សង់ពីថ្មភក់លាយថ្មបាយក្រៀម មានកំពែង៣ជាន់ ហ៊ុំព័ទ្ធដោយកសិន្ធុទឹកមួយជាន់។ ទោះបីស្ថិត​នៅជិតប្រាសាទព្រះខ័ន ប៉ុន្តែមានទេសចរតិចណាស់ ដែលបានចូលទស្សនា​ប្រាសាទនេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត