ផ្លូវអន្ទង់អាំង​ភ្នំ១៥០០ បើកដំណើរការឡើងវិញហើយ ក្រោយត្រូវវាយប្រហារពីជំនន់ទឹកភ្លៀងបណ្តាលឱ្យបាក់ដីជិត៤ម៉ោង
អុន សម្ផស្ស
29 កញ្ញា 2025 04:50 AM

ខេត្តពោធិ៍សាត់៖ គិតមកត្រឹមម៉ោងប្រមាណ១០ព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ កំណាត់ផ្លូវក្នុងតំបន់អន្ទង់អាំង ​ភ្នំ១៥០០ ខេត្តពោធិ៍សាត់ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងបង្កទៅជាការបាក់ដីធ្លាក់បាំងតួផ្លូវ ត្រូវបានបើកឱ្យចរាចរណ៍ឡើងវិញហើយ។ នេះបើតាមការបង្ហោះលើទំព័រហ្វេសប៊ុកលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន..។

លោក ផន រឹម បញ្ជាក់តាមរយៈសំណេរដដែលថា កំណាត់ផ្លូវជាតិលេខ៥៥(ចំណុចអន្ទង់អាំង)គីឡូម៉ែត្រPK១៤១+៣០០ ដែលរងការបាក់ច្រោះដីធ្លាក់ភក់ ដើមឈើ និងថ្មលើតួផ្លូវ កាត់ផ្តាច់ចរាចរណ៍រយៈពេលខ្លីចំពោះមធ្យោបាយគ្រប់ប្រភេទ ពេលនេះត្រូវបានបើកដំណើរការឡើងវិញ។ លោកអះអាងបន្ថែមថា ការបើកដំណើរការឡើងវិញនេះ ក្រោយក្រុមការងារជំនាញផ្លូវថ្នល់នៃមន្ទីរសាធារណការខេត្ត ព្រមទាំងអង្គភាពពាក់ព័ន្ធចុះទៅអន្តរាគមន៍ កាយភក់ ដើមឈើ ដី ថ្ម និងកម្ទេចកម្ទីចេញពីលើតួផ្លូវ ព្រមទាំងកាយមុខទឹកឱ្យវិលទៅរកស្ថានភាពដូចដើមវិញ។

សូមរំឭកថា ក្រោយភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាឥតដាច់ ពលរដ្ឋក្នុងតំបន់បានរាយការណ៍ពីហេតុការណ៍បាកដី ធ្លាក់កាត់ផ្លូវនៅតំបន់អន្ទង់អាំង ផ្លូវជាតិ៥៥ ក្នុងខេត្តពោធិ៍សាត់នៅព្រឹកថ្ងៃ២៩កញ្ញា ឆ្នាំ២០២៥។ ហេតុការណ៍នេះកើតឡើង ស្របពេលដែលកម្ពុជា កំពុងទទួលរងឥទ្ធិពលព្យុះទី២០ឈ្មោះ ប៊ូឡូយ(Bualoi) បណ្តាលឱ្យភ្លៀងធ្លាក់ស្ទើរទូទាំងប្រទេសពី៥០ទៅ៦០ភាគរយ ចាប់ពីថ្ងៃទី២៩កញ្ញា ដល់ថ្ងៃទី១តុលា ឆ្នាំ២០២៥។ នេះបើតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត