អភិបាលខេត្តកំពង់ធំ ស្នើពលរដ្ឋបញ្ឈប់ការសាងសង់លំនៅឋាន នៅតាមដងស្ទឹងសែន
S
Soriya Sou
29 កញ្ញា 2025 02:27 AM

ក្រុងស្ទឹងសែន៖ ស្របពេលក្រុងស្ទឹងសែន កំពុងត្រូវបានអភិវឌ្ឍទាក់ទាញភ្ញៀវទេសចរ អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន បានប្រាប់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយដងស្ទឹងសែន ក្នុងក្រុងស្ទឹងសែន ឱ្យបញ្ឈប់ការសាងសង់លំនៅឋានខុសច្បាប់តាមដងស្ទឹងសែន បន្តទៀត…។

លោក នួន ផារ័ត្ន បានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងអាមេមួយខ្សែប្រវែងជាង១៣០០ម៉ែត្រ ស្ថិតក្នុងភូមិបល្ល័ង្កកើត សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីថ្ងៃទី២៨ កញ្ញា ឆ្នាំ២០២៥។ លោកអភិបាលខេត្ត គូសបញ្ជាក់ថា បច្ចុប្បន្ន អាជ្ញាធរខេត្តកំពង់ធំបានរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍក្រុងស្ទឹងសែន ឱ្យក្លាយទៅជាទីក្រុងមួយដែលទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ និងអ្នកវិនិយោគទុនទាំងអស់ ឱ្យងាកមកចាប់អារម្មណ៍ពីសក្តានុពលនៅក្នុងខេត្តកំពង់ធំ ជាពិសេសពាក់ព័ន្ធនឹងវិស័យកសិកម្ម និងវិស័យទេសចរណ៍ជាដើម។

លោក នួន ផារ័ត្ន សំណេះសំណាលជាមួយប្រជាពលរដ្ឋ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងអាមេមួយខ្សែ ក្នុងភូមិបល្ល័ង្កកើត សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ 
លោក នួន ផារ័ត្ន សំណេះសំណាលជាមួយប្រជាពលរដ្ឋ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងអាមេមួយខ្សែ ក្នុងភូមិបល្ល័ង្កកើត សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ 

«ខ្ញុំសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយដងស្ទឹងសែន ក្នុងក្រុងស្ទឹងសែន សូមបញ្ឈប់ការសាងសង់លំនៅឋានខុសច្បាប់តាមដងស្ទឹងសែន និង សូមបញ្ឈប់ការបង្ហូរទឹកកខ្វក់ខុសច្បាប់ចូលក្នុងទឹកស្ទឹងសែន ដែលបណ្ដាលឱ្យខូចគុណភាពទឹក និងប៉ះពាល់ដល់វិស័យទេសចរណ៍»។ នេះជាប្រសាសន៍របស់លោក នួន ផារ័ត្ន។ ក្រៅពីបញ្ឈប់ការសាងសង់លំនៅឋានខុសច្បាប់តាមដងស្ទឹងសែន លោកអភិបាលខេត្ត ក៏បានសំណូមពរដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមចូលរួមថែរក្សាផ្លូវថ្នល់ឱ្យបានគង់វង្សយូរអង្វែង មិនត្រូវដឹកជញ្ជូនទំនិញដែលផ្ទុកលើសទម្ងន់ ធ្វើឱ្យស្រុតផ្លូវបេតុង បែកលូកាត់ទទឹងផ្លូវ ឬអាចនាំឱ្យបាក់ស្ពាន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត