
រាជធានីភ្នំពេញ៖ យោធភូមិភាគទី៥ នៃកងខេមរភូមិន្ទកម្ពុជា ចាត់ទុកការអះអាងរបស់ភាគីថៃដែលថា កម្ពុជាព្រមរុះរើផ្ទះ១ខ្នង នៅចំណុចអូរភ្លុកដំរី ហើយកាត់ដីកម្ពុជាទៅឱ្យខ្លួន គឺជារឿងមិនពិត និងមិនមានមូលដ្ឋានច្បាស់លាស់។

តាមសេចក្តីបំភ្លឺ ចេញផ្សាយថ្ងៃសុក្រទី២៦កញ្ញា ឆ្នាំ២០២៥នេះ យោធភូមិភាកទី៥ នៃកងយោធពលខេមរភូមិន្ទកម្ពុជា អះអាងថា ការលើករបស់ភាគីថៃ គឺប្រាស់ចាកទាំងស្រុងពីស្មារតី នៃខ្លឹមសារលិខិតលេខ០០២/២០២៥ ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ និងគ្មានមូលដ្ឋានផ្លូវច្បាប់ ខណៈការងារខណ្ឌសីមា និងបោះបង្គោលព្រំដែន គឺជាសមត្ថកិច្ចរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ។ យោធភូមិភាគទី៥ អះអាងថា៖«កម្ពុជា និងថៃ គឺមានមូលដ្ឋានគ្រប់គ្រាន់ និងច្បាស់លាស់ ទាំងមូលដ្ឋានច្បាប់ យន្តការស្ថាប័ន និងវិធានការបច្ចេកទេសសម្រាប់ដោះស្រាយបញ្ហាព្រំដែន រវាងប្រទេសទាំងពីរ ជាពិសេស ផែនទីមាត្រដ្ឋាន ១/២០០០០០ យោងតាមអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញា ឆ្នាំ១៩០៧ ព្រមទាំងមានការបោះបង្គោលជាមួយគ្នាចំនួន៧៤បង្គោល ហើយភាគីទាំងពីរកម្ពុជា-ថៃ បានទទួលស្គាល់ និងបញ្ជាក់ឡើងវិញនៅក្នុងអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ (MOU2000)»។

យោធភូមិភាគទី៥ ក៏បានបញ្ជាក់ពីជំហរការពារអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាឱ្យបានជាដាច់ខាត រួមទាំងគាំទ្រការដោះស្រាយបញ្ហាព្រំដែនតាមមធ្យោបាយសន្តិវិធី និងឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។ គួរជម្រាបថា ការច្រានចោលនេះ ធ្វើឡើងក្រោយកាសែតបាងកកប៉ុស្តិ៍របស់ថៃ កាលពីថ្ងៃទី២៥កញ្ញា ឆ្នាំ២០២៤ បានចុះផ្សាយព័ត៌មានមួយថា យោធភូមិភាគ៥កម្ពុជា បានយល់ព្រមតាមសំណើរបស់ថៃក្នុងការរុះរើផ្ទះមួយខ្នង និងចាក់ដីបំពេញលេណដ្ឋានយោធានៅតំបន់ព្រំដែនជម្លោះនៃខេត្តពោធិ៍សាត់ និងខេត្តត្រាច៕



