អាម៉េរិកនឹងសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ នៅប៉ុន្មានខែខាងមុខ
N
Nary Vann
25 កញ្ញា 2025 10:30 AM

រាជធានីគូឡាឡាំពួ៖ តំណាងពាណិជ្ជកម្មអាម៉េរិក លោក ជេមីសុន ហ្គ្រៀ (Jamieson Greer) បានអះអាងនៅថ្ងៃទី២៤កញ្ញាថា សហរដ្ឋអាម៉េរិករំពឹងថា នឹងសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ជាច្រើនទៀតនៅប៉ុន្មានខែខាងមុខ...។

លោក ហ្គ្រៀ បានធ្វើការកត់សម្គាល់ខាងលើនៅពេលចាប់ផ្តើមកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីសេដ្ឋកិច្ចមកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ចំពេលមានការព្រួយបារម្ភនៅក្នុងប្លុកដែលពឹងផ្អែកលើការនាំចេញ ជុំវិញផលប៉ះពាល់នៃពន្ធរបស់សហរដ្ឋអាម៉េរិកលើសេដ្ឋកិច្ច។ អត្រាពន្ធត្រូវបានកំណត់នៅកម្រិត១៩ភាគរយ និង២០ភាគរយសម្រាប់ប្រទេសជាច្រើន។ ប្រទេស​ឡាវ និង​មី​យ៉ាន់​ម៉ា​ បាន​រង​ផល​ប៉ះពាល់​ដោយ​អត្រា​ពន្ធ​៤០​ភាគរយ ខណៈ​សិង្ហ​បុរី​ប្រឈម​ពន្ធ​១០​ភាគរយ​។ តំណាងពាណិជ្ជកម្មអាម៉េរិករូបនេះដដែល បានបន្ថែមថា ការពិភាក្សាជាមួយបណ្តាប្រទេសផ្សេងៗលើការយកពន្ធមានដំណើរការល្អ នាំឱ្យកិច្ចព្រមព្រៀងមួយចំនួនត្រូវបានប្រកាស ខណៈកិច្ចព្រមព្រៀងផ្សេងទៀតនឹងត្រូវបានបញ្ចប់នៅក្នុងប៉ុន្មានខែខាងមុខ។ 

សហរដ្ឋអាម៉េរិក បានឈានដល់កិច្ចព្រមព្រៀងជាមួយឥណ្ឌូណេស៊ី និងវៀតណាមលើពន្ធគយ។ វៀតណាម ដែលជាប្រទេសនាំចេញធំជាងគេទី៦របស់ពិភពលោកទៅកាន់សហរដ្ឋអាម៉េរិក ប្រឈមនឹងកាខាតបង់លុយ២៥ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ដោយសារការយកពន្ធ២០ភាគរយលើទំនិញរបស់ខ្លួន ដែលនឹងធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសរងគ្រោះខ្លាំងជាងគេនៅក្នុងតំបន់។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានបានកត់សម្គាល់ពីផលប៉ះពាល់អវិជ្ជមាន និងភាពមិនច្បាស់លាស់ដែលកើតឡើងពីទិដ្ឋភាពពន្ធគយ និងបានព្រមានអំពីដំណើរការពាណិជ្ជកម្មក្នុងតំបន់យឺតជាងក្នុងឆមាសទីពីរនៃឆ្នាំ២០២៥ ដោយសារតែការផ្ទុកទំនិញនាំចេញមុននឹងការដាក់ពន្ធនៅដើមឆ្នាំ។ រដ្ឋមន្ត្រីក៏បានសម្ដែងការព្រួយបារម្ភចំពោះការកើនឡើងនូវលទ្ធិគាំពារនិយម និងវិធានការពាណិជ្ជកម្មឯកតោភាគី ដែលពួកគេលើកឡើងថា បង្កហានិភ័យយ៉ាងសំខាន់ដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត