
ក្រុងក្រចេះ៖ ជំនន់ទឹកភ្លៀងបានជន់លិចលំនៅឋានពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងភូមិចំនួន៣ នៅស្រុកអូរគ្រៀង សែនជ័យ ខេត្តក្រចេះ បន្ទាប់ពីមេឃធ្លាក់ភ្លៀងពីរថ្ងៃជាប់ៗគ្នា។ នេះបើតាមសេចក្តីរាយការណ៍ពីពលរដ្ឋក្នុងតំបន់...។

ប្រភពពីពលរដ្ឋរស់នៅមូលដ្ឋានភូមិអូរគ្រៀង ភូមិប៉ាក្លែ ភូមិរលួស នៅក្នុងឃុំអូរគ្រៀង និងឃុំរលួសមានជ័យ បានឱ្យដឹងថា កាលពីថ្ងៃទី២៣ និងថ្ងៃ២៤ ខែកញ្ញា ឆ្នាំ២០២៥ ជំនន់ទឹកភ្លៀងបានហក់ឡើងបន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នា ក្នុងនោះផ្លូវមួយចំនួនក៏មិនអាចធ្វើដំណើរឆ្លងកាត់បាន ដោយសារស្ថានភាពទឹកជ្រៅ និងហូរខ្លាំង។ ចំពោះមុខបញ្ហានេះ មន្ត្រីរដ្ឋបាលស្រុកអូរគ្រៀងសែនជ័យ បញ្ជាក់ថា ជំនន់ទឹកភ្លៀងនេះ ចាប់ផ្ដើមជន់ឡើងនៅវេលាម៉ោងប្រមាណជាង៣ទៀបភ្លឺថ្ងៃទី២៤ បណ្ដាលឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន១០គ្រួសារ នៅភូមិអូរគ្រៀង ភូមិប៉ាក្លែ ភូមិរលួស។ យ៉ាងណា លោកថា ជំនន់ទឹកភ្លៀងនេះលិចមិនយូនោះទេ គឺនឹងស្រកទៅវិញអស់ហើយ ពោលគឺប្រមាណពីរឬបីថ្ងៃខាងមុខ។

ក្នុងពេលជាមួយគ្នានេះ លោកអភិបាលស្រុកអូរគ្រៀងសែនជ័យ ក៏បានណែនាំឱ្យក្រុមការងារកម្លាំងនៃអធិការដ្ឋាន នគរបាលស្រុកអូរគ្រៀងសែនជ័យ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលអូរគ្រៀង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរលួសមានជ័យ កម្លាំងប្រជាការពារ បានចុះសួរសុខទុក្ខ និងជួយដឹកជញ្ជូនសម្ភាររបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ភ្លាមៗ មិនបណ្ដាលឱ្យខូចខាតទ្រព្យសម្បត្តិ និងគ្រោះថ្នាក់ដល់មនុស្ស ឬសត្វទេ៕




