«ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ» នឹងបើកដំណើរការបណ្តោះអាសន្ន ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ
អុន សម្ផស្ស
07 កក្កដា 2025 04:30 AM

ក្រុងក្រចេះ៖ «ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ» ដែលសាងសង់ដោយប្រើប្រាស់ឥណទានសម្បទានពីរដ្ឋាភិបាលចិន ប្រមាណ១១៤លានដុល្លារអាម៉េរិក គ្រោងបើកឱ្យយានយន្តធុនតូចអាចឆ្លងកាត់បណ្តោះអាសន្ន នៅអំឡុងពិធីបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌ ក្នុងខែកញ្ញា ឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់របស់ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា...។

ថ្លែងចេញពីពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពានចុងក្រោយ នៅព្រឹកថ្ងៃទី៧កក្កដានេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះមួយខ្សែនេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលសម្រេចប្រសិទ្ធនាមថា «ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ»។ ដោយមានក្រសួងសាធារណការ និងដឹកជញ្ជូន ជាសេនាធិការ គម្រោងស្ថាបនាស្ពាន និងកំណត់ផ្លូវតភ្ជាប់ បានអនុវត្តទៅដោយរលូន ពោលគឺលឿនជាងផែនការដែលបានគ្រោងទុក។ បើគ្មានអ្វីប្រែប្រួល «ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ» នឹងបើកឱ្យឆ្លងកាត់បណ្តោះអាសន្នសម្រាប់ទោចក្រយានយន្ត និងរថយន្តធុនតូច (ប្រភេទទេសចរណ៍ និងគ្រួសារ) ដើម្បីជាការសម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ ក៏ដូចជាអ្នកដំណើរ អ្នកទេសចរ នៅក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខ។  

ក្រោយដាក់ដំណើរការ «ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ» និងកំណាត់ផ្លូវតភ្ជាប់នឹងចូលរួមបម្រើដល់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនផ្ទៃក្នុងរបស់កម្ពុជា ឱ្យកាន់តែមានភាពប្រទាក់ក្រឡា ជាពិសេស ជំរុញកំណើនដឹកជញ្ជូនក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ នៅតាមបណ្តាខេត្តស្ថិតក្នុងភូមិភាគឦសាន។ បន្ថែមពីនេះ គម្រោងនេះនឹងជួយសម្រួលដល់ការធ្វើដំណើរផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ការធ្វើដំណើររបស់សិស្សានុសិស្សទៅសាលារៀន និងការធ្វើដំណើររបស់បងប្អូនទៅកាន់មន្ទីរពេទ្យ ជាពិសេសនៅគ្រាអាសន្ន ឬពេលយប់ព្រលប់ដោយពុំចាំបាច់ចំណាយពេលវេលា និងប្រាក់កាស ក្នុងការឆ្លងសាឡាង និងមានសុវត្ថិភាពខ្ពស់។ លើសពីនេះ គម្រោងខាងលើនឹងចូលរួមផងដែរ ក្នុងការលើកកម្ពស់ការតភ្ជាប់អាស៊ាន និងការតភ្ជាប់មហាអនុតំបន់មេគង្គ(GMS) និងអនុតំបន់មេគង្គឡាន-ឆាង។

គួរជម្រាបថា «ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ» ត្រើយខាងកើតស្ថិតក្នុងភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិចស្ថិតក្នុងភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ មានប្រវែងសរុប១៧៦១ម៉ែត្រ និងទទឹង១៣,៥ម៉ែត្រ សសរជើងស្ពានចំនួន៣៦ដើម និងផ្លូវនាវាចរណ៍មានទំហំ១០០ម៉ែត្រx ១៥ម៉ែត្រ។ គិតត្រឹមដំណាច់ខែមិថុនាឆ្នាំ២០២៥ ការងារសាងសង់តួស្ពានសម្រេចវឌ្ឍនភាពបាន៩៦ភាគរយ ដោយឡែក វឌ្ឍនភាពគម្រោងទាំងមូលបូករួមជាមួយ និងកំណាត់ផ្លូវតភ្ជាប់ផងនោះ សម្រេចបាន៧០ភាគរយ ហើយក្រសួងរំពឹងថានឹងរួចរាល់ ទៅតាមផែនការដែលបានគ្រោងទុក ឬបញ្ចប់មុនផែនការបើគិតតាមសន្ទុះការងារជាក់ស្តែងនាពេលបច្ចុប្បន្ន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត