អាជីវកម្មខ្សាច់១កន្លែង បន្តរំលោភចំណីផ្លូវជាតិ៧៣A ខណៈអាជ្ញាធរតំបន់ថានឹងបន្តណែនាំ
អុន សម្ផស្ស
16 កក្កដា 2025 11:00 AM

ក្រុងក្រចេះ៖ ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវជាតិលេខ៧៣A មួយចំនួនបានត្អូញត្អែរពីការលំបាក និងបង្ហាញក្ដីបារម្ភពីសុវត្ថិភាព ជាពិសេសពេលមេឃភ្លៀង ក្រោយធ្វើដំណើរដល់មុខទីតាំងដេប៉ូខ្សាច់មួយ ស្ថិតនៅភូមិសាស្ត្រ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។ ក្ដីបារម្ភរបស់ពលរដ្ឋទាំងនេះ ក៏ព្រោះតែម្ចាស់ទីតាំងខ្សាច់នោះតែងតែចាក់គំនរខ្សាច់ហូរហៀរំលោភចូលចំណីផ្លូវសាធារណៈ ហាក់មិនក្រែងរអានឹងចំណាត់ការអាជ្ញាធរតំបន់..។

ទីតាំងដេប៉ូខ្សាច់នៅ ឃុំបុបលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។
ទីតាំងដេប៉ូខ្សាច់នៅ ឃុំបុបលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។

ក្រុមការងារ SBM News នៅថ្ងៃទី១៦កក្កដា ឆ្នាំ២០២៥នេះ បានចុះដល់ទីតាំងផ្តិតយករូបភាព និងអង្កេតជាក់ស្តែង កត់សម្គាល់ថា «ដេប៉ូខ្សាច់» ដែលពលរដ្ឋរាយការណ៍ ពិតជាមានការហៀរខ្សាច់លយចេញពីគំនរក្បែផ្លូវ ហើយមានទឹកដក់ខ្លះៗនៅជាប់ចិញ្ចើមផ្លូវសាធារណៈ។ យ៉ាងណា ករណីនេះ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន លោក សាំង ប៊ុនថេន បញ្ជាក់ថា លោកបានដឹងពីការហៀរចូលចំណីផ្លូវរបស់ទីតាំងដេប៉ូខ្សាច់នេះហើយ កន្លងមកលោកបានចាត់ក្រុមការងារចុះទៅសម្រួលជាមួយម្ចាស់អាជីវកម្មជាប្រចាំ ក្នុងរយៈពេលមួយសប្តាហ៍ម្ដង។ ដោយឡែក ចំពោះ បញ្ហាមានទឹកដក់វិញ លោកប្រធានមន្ទីរ បញ្ជាក់ថា គឺបណ្ដាលមកពីមេឃភ្លៀង។ រីឯចំណាត់ការ ប្រធានមន្ទីរសាធារណការ រូបនេះ បានត្រឹមបញ្ជាក់ខ្លីថា៖«បានត្រឹមតែណែនាំ និងសម្រួលតែប៉ុណ្ណោះ រីឯចំណាត់ការវិញ គឺជាតួនាទីរបស់មន្ទីររ៉ែ និងថាមពល»

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន លោក សាំង ប៊ុនថេន
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន លោក សាំង ប៊ុនថេន

ជុំវិញបញ្ហានេះ អនុប្រធានមន្ទីររ៉ែ និងថាមពលខេត្តក្រចេះ លោក ដៀវ ពិសី បញ្ជាក់ថា កន្លែងធ្វើអាជីវកម្មខ្សាច់នេះ មានច្បាប់អនុញ្ញាតត្រឹមត្រូវ។ ដោយឡែក ចំពោះហេតុការណ៍ហៀរខ្សាច់រំលោភចំណីផ្លូវ លោកក៏អះអាងថា បានដឹង និងបញ្ជូនមន្ត្រីឱ្យទៅណែនាំម្ចាស់រួចហើយកាលពីប៉ុន្មានថ្ងៃមុន។ តែយ៉ាងណា លោកថា នឹងឱ្យមន្ត្រីពាក់ព័ន្ធចុះពិនិត្យបន្ថែម ក្រោយពីទទួលដមណឹងពីអ្នកសារព័ត៌មាន នាពេលនេះ៕ រាយការណ៍ដោ៖ ភ្នាក់ងារ SN

ទីតាំងដេប៉ូខ្សាច់នៅ ឃុំបុបលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។
ទីតាំងដេប៉ូខ្សាច់នៅ ឃុំបុបលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។
ទីតាំងដេប៉ូខ្សាច់នៅ ឃុំបុបលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។
ទីតាំងដេប៉ូខ្សាច់នៅ ឃុំបុបលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។
ទីតាំងដេប៉ូខ្សាច់នៅ ឃុំបុបលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។
ទីតាំងដេប៉ូខ្សាច់នៅ ឃុំបុបលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត