
ក្រុងក្រចេះ ៖ ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរតាមតំបន់រមណីយដ្ឋាននានា និងតាមទីប្រជុំជននៅក្នុងខេត្តឱ្យបានល្អប្រសើរ កងរាជអាវុធហត្ថជាង២០០នាក់ នឹងត្រូវដាក់ពង្រាយតាមទីតាំងសំខាន់ៗ...។

លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ បញ្ជាក់ថា កងកម្លាំងដែលត្រូវដាក់ពង្រាយនោះ ត្រូវចុះការពារតាមបណ្តាគោលដៅសំខាន់ៗ និងល្បាតតាមដងផ្លូវសាធារណៈ ទីប្រជុំជន រមណីយដ្ឋាន និងកន្លែងសប្បាយនានា។ ជាមួយគ្នានេះ លោកវរសេនីយ៍ទោ អុីវ ណារ៉ាត់ ប្រធានមន្ទីរផែនការប្រតិបត្តិការ និងហ្វឹកហ្វឺននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ លើកឡើងថា ការប្រើប្រាស់កម្លាំងត្រូវបានបែងចែកតាមភូមិសាស្ត្រ គោលដៅសំខាន់ចំនួន១០ រួមមាន៖ រម្មណីយដ្ឋានប្រវត្តិសាស្ត្រ, វត្តព្រះវិហារធំសសរ១០០ និងឆ្នេរខ្សាច់មុខវត្តសសរ១០០, រមណីយដ្ឋានទឹកជួរព្រែកកាំពី, រម្មណីយដ្ឋានអន្លង់ផ្សោត, រមណីយដ្ឋានភ្នំសំបុក, រមណីយដ្ឋានកោះសុក្រម, រមណីយដ្ឋានឆ្នេរខ្សាច់កោះទ្រង់, រម្មណីយដ្ឋានភ្នំសុពណ៌កាឡី, រមណីយដ្ឋានភ្នំព្រះ និងវិមានអនុស្សាវីយ៍២ធ្នូស្រុកស្នួល។

លោកវរសេនីយ៍ទោ អុីវ ណារ៉ាត់ ក្រើនរំឭកដល់កម្លាំងកងរាជអាវុធហត្ថគ្រប់រូបត្រូវយកចិត្តទុកដាក់គ្រប់គោលដៅ ពិសេសកន្លែងមានថ្នាក់ដឹកនាំចូលរួម កន្លែងមានប្រជាពលរដ្ឋចូលរួមច្រើនកុះករ និងបណ្តាទីប្រជុំជន រមណីយដ្ឋាន កន្លែងកម្សាន្ដ ការសម្រួលចរាចរណ៍តាមដងផ្លូវដែលមានការកកស្ទះ។ លើសពីនេះ កងកម្លាំងរាជអាវុធហត្ថ ត្រូវទប់ស្កាត់ការបង្កបាតុភាពចលាចលផ្សេងៗបណ្តាលឱ្យខូចរបៀបរៀបរយសន្តិសុខសាធារណៈ ដូចជា៖ ករណីក្មេងទំនើងបង្ករបួសស្នាម លួច ឆក់ ប្លន់ ចាប់ជំរិតយកប្រាក់គ្រប់រូបភាព ការប្រើប្រាស់-ជួញដូរគ្រឿងញៀន។ល។ លោកវរសេនីយ៍ទោ អុីវ ណារ៉ាត់ ថែមទាំងប្រាប់ទៀតថា អំឡុងចូលចូលឆ្នាំខ្មែរ កម្លាំងជំនាញ ត្រូវជួយសង្គ្រោះ ក្នុងករណីមានគ្រោះថ្នាក់ចរាចរណ៍ និងឧបទ្ទវហេតុផ្សេងៗ ពិសេសករណីអគ្គិភ័យផងដែរ។ ទន្ទឹមគ្នានោះ លោក អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ មុននឹងចាកចេញពីផ្ទះទៅដើររកម្សាន្ត ត្រូវពិនិត្យភ្លើងធូប-ទៀន ឬបិទអគ្គិសនីឱ្យបានត្រឹមត្រូវ ដើម្បីការពារ និងជៀសវាងការកើតមានគ្រោះអគ្គិភ័យ៕
រាយការណ៍ដោយ៖ SN ភ្នាក់ងារប្រចាំខេត្តក្រចេះ





