
រាជធានីភ្នំពេញ៖ ជំងឺមហារីក ដែលជាប្រភេទជំងឺគួរឱ្យភ័យខ្លាច និងមិនងាយព្យាបាលជា បានកើតលើប្រជាជនខ្មែរកាន់តែច្រើនឡើងៗ ខណៈប្រជាជនខ្លះ ខ្វះលទ្ធភាពព្យាបាល រីឯប្រព័ន្ធសុខាភិបាលក្នុងស្រុកសម្រាប់ព្យាបាលជំងឺនេះ មិនទាន់មានសមត្ថភាពគ្រប់គ្រាន់នៅឡើយ។ ឈរនៅចំពោះមុខសម្តេចនាយករដ្ឋមន្រ្តី ក្នុងពិធីដាក់ឱ្យអនុវត្តផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥នេះ លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ប្រកាសដូច្នេះថា៖«យើងមិនអាចទ្រាំទ្រនឹងទម្ងន់នៃការឈឺចាប់នេះយូរតទៅទៀតបានទេ។ យើងក៏មិនអាចបន្តចំណាយច្រើនទៅលើជំងឺនេះទៀតដែរ»។

បើតាមរបាយការណ៍ដែលលោក ឈាង រ៉ា អានក្នុងពិធីនេះ ក្នុង១ឆ្នាំៗ ប្រជាជនខ្មែរដល់ទៅ២ម៉ឺននាក់ឯណោះដែលកើតជំងឺមហារីក ហើយ១ម៉ឺន៤ពាន់នាក់ បានបាត់បង់ជីវិតដោយសារជំងឺងនេះជារៀងរាល់ឆ្នាំ។ តាមរយៈតួលេខនេះ គេអាចដឹងថា ក្នុងចំណោមអ្នកកើតជំងឺមហារីក អ្នកទទួលការព្យាបាលជាសះស្បើយបន្តរស់រានមានជីវិត មានចំនួនតិចជាងឆ្ងាយណាស់ បើប្រៀបធៀបទៅនឹងអ្នកបាត់បង់ជីវិត។ លោករដ្ឋមន្រ្តីសុខាភិបាល ជម្រាបប្រមុខរាជរដ្ឋាភិបាល និងអង្គពិធីត្រង់ៗថា៖«បច្ចុប្បន្ននេះ មធ្យោបាយប្រយុទ្ធនឹងជំងឺមហារីក នៅមានកម្រិកនៅឡើយនៅទូទាំប្រទេស»។

លោក ឈាង រ៉ា លើកឡើងថា ក្នុងចំណោមអ្នកកើតជំងឺមហារីករៀងរាល់ឆ្នាំ មានកុមារ៦០០នាក់។ លោកបង្ហាញក្តីបារម្ភខ្លាំងថា បើជំងឺមហារីកនៅកម្ពុជា នៅតែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបែបនេះតទៅទៀត ក្នុងរយៈពេល១៥ឆ្នាំខាងមុខ ជំងឺដ៏កាចសាហាវនេះ នឹងឆក់យកជីវិតប្រជាពលរដ្ឋចាស់-ក្មេងដល់ទៅ២១ម៉ឺននាក់ ស្មើនឹងចំនួនប្រជាជននៅខេត្តស្ទឹងត្រែង ឬស្មើនឹងការបូកចូលគ្នារវាងប្រជាជននៅខេត្តកែប និងខេត្តប៉ៃលិន ឬស្មើនឹងប្រជាជនក្នុងក្រុងសៀមរាប។

ក្រោយបានស្តាប់លោករដ្ឋមន្រ្តីសុខាភិបាល សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ចាត់ទុកតួលេខប្រជាជន២ម៉ឺននាក់ដែលកើតជំងឺមហារីកក្នុង១ឆ្នាំៗ ថាជាចំនួនច្រើន។ សម្តេច អះអាងថា ការព្យាបាលជំងឺមហារីក គឺជាកិច្ចការអាទិភាពមួយក្នុងវិស័យសុខាភិបាល។ រាជរដ្ឋាភិបាល បានយកមន្ទីរពេ្យហ្លួងម៉ែ ធ្វើជាមន្ទីរពេទ្យឯកទេសដាច់ដោយឡែកតែម្តង សម្រាប់ព្យាបាលតែជំងឺមហារីកនៅកម្ពុជា។ ដើម្បីទប់ស្កាត់ជំងឺមហារីក ប្រមុខរាជរដ្ឋាភិបាល ផ្តល់យោបល់ទៅក្រសួង-ស្ថាប័នពាក់ព័ន្ធ ពិសេសក្រសួងសុខាភិបាល ឱ្យពង្រឹងការចាក់វ៉ាក់សាំងបង្ការជាមុនជូនប្រជាជន ឬការពារជាមុនកុំឱ្យកើតជំងឺនេះ។

សម្តេចនាយករដ្ឋមន្រ្តី សង្កត់ធ្ងន់ថា កិច្ចការសំខាន់ គឺត្រូវព្យាបាលអ្នកកើតជំងឺមហារីក និងបង្ការជាមុន។ ចំពោះសម្តេច ការបង្ការជាមុន គឺសំខាន់ជាងការព្យាបាល។ សម្តេច ប្រាប់ឱ្យរួមគ្នាដៃគ្នាយ៉ាងដូច្នេះថា៖«ទៅថ្ងៃក្រោយ ធ្វើឱ្យជំងឺមហារីកធ្លាក់ចុះ ពី២ម៉ឺននាក់[ក្នុង១ឆ្នាំៗ] មកនៅត្រឹម២ពាន់ ឬ២រយនាក់ ឬដល់សូន្យ តែទៅដល់សូន្យ ប្រហែលលំបាក»។ សម្តេចប្រមុខរាជរដ្ឋាភិបាល បានណែនាំចំណុចសំខាន់មួយទៀត ទៅក្រសួងសុខាភិបាល គឺត្រូវពង្រឹងសមត្ថភាព និងជំនាញរបស់ពេទ្យនៅតាមតំបន់ ដើម្បីអាចព្យាបាលជំងឺមហារីកជូនប្រជាជននៅតាមតំបន់បាន ដោយមិនចាំបាច់ទាល់តែឡើងទៅព្យាបាលនៅរាជធានីភ្នំពេញទាំងអស់គ្នានោះទេ។ សម្តេចទទួលស្គាល់ថា ការកសាងធនធានមនុស្សក្នុងវិស័យនេះ គឺពិបាកជាងការកសាងអគារ។ មេដឹកនាំកម្ពុជា ក៏បានបង្ហាញការប្រឹងប្រែងរបស់រាជរដ្ឋាភិបាលជាច្រើនអាណត្តិបន្តបន្ទាប់មក ក្នុងការពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាលដើម្បីព្យាបាលជំងឺប្រជាជន៕


