
សុខភាព៖ ជំងឺមហារីក គឺជាជំងឺដ៏គ្រោះថ្នាក់មួយ ដែលបានសម្លាប់មនុស្សយ៉ាងច្រើននៅជុំវិញពិភពលោក។ មនុស្សម្នាក់ៗជួបប្រទះបទពិសោធខុសៗគ្នា ពាក់ព័ន្ធនឹងជំងឺមហារីក ។ ទោះជាយ៉ាងនេះក្ដី គួរផ្លាស់ប្ដូរបែបបទរស់នៅជាក់លាក់មួយចំនួន ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺមហារីកបានយ៉ាងមានប្រសិទ្ធភាព…។

១.ធ្វើលំហាត់ប្រាណទៀងទាត់៖ គ្រាន់តែចំណាយពេលហាត់ប្រាណ៤៥នាទីក្នុងមួយថ្ងៃ និង៥ដងក្នុងមួយសប្ដាហ៍ អាចជួយបង្កើនភាពធន់នឹងអាំងស៊ុយលីន កាត់បន្ថយជាតិខ្លាញ់ក្នុងរាងកាយ ព្រមទាំងហានិភ័យនៃជំងឺមហារីកថែមទៀតផង។ សូម្បីតែការដើរលក្ខណៈស្វាហាប់ ក៏អាចជួយយសុខភាពរឹងមាំ និងជៀសផុតពីជំងឺផ្សេងៗដូចគ្នា។ ២.គ្រប់គ្រងស្ត្រេស៖ ស្ត្រេសរ៉ាំរ៉ៃអាចជះឥទ្ធិពលដល់ការកើតជំងឺជាច្រើន រួមមាន ជំងឺមហារីក ជំងឺបេះដូង ជំងឺផ្លូវចិត្ត និងជំងឺមហារីក ។ល។ ជាទូទៅមនុស្សគ្រប់រូបតែងតែប្រឈមនឹងបញ្ហាស្ត្រេសជាក់ជាមិនខាន ប៉ុន្តែមានវិធីសាស្ដ្រជាច្រើនក្នុងការកាត់បន្ថយស្ត្រេស ដូចជា ធ្វើសមាធិ និងហាត់យូហ្គា។ ដូចនេះសូមជ្រើសរើសវិធីសាស្ដ្រដែលសក្ដិសមចំពោះខ្លួនអ្នក និងអនុវត្តជាប្រចាំ។

៣.គិតគូរដល់សុខភាពពោះវៀន៖ សុខភាពពោះវៀនមានតួនាទីសំខាន់មួយនៅក្នុងសុខភាពទូទៅរបស់រាងកាយ។ ដូចនេះហើយ គួរថែទាំសុខភាពពោះវៀនឱ្យបានល្អ ដោយបង្កើនការទទួលទានអាហារដែលជួយទ្រទ្រង់ដល់ពោះវៀនដូចជា គីមឈី។ លើសពីនេះក៏អាចប្រើប្រាស់ថ្នាំផ្សះនៅពេលចាំបាច់ ព្រមទាំងបង្កើនការបរិភោគអាហារដែលមានជាតិសរសៃប្រចាំថ្ងៃដូចជា បន្លែស្លឹកបៃតង និងគ្រាប់ធញ្ញជាតិ។ ៤.កាត់បន្ថយជាតិពុល៖ សារធាតុ Bisphenol A ជាជាតិពុលមួយមាននៅក្នុងប្រអប់ប្លាស្ទីក ដែលតែងតែប្រើប្រាស់ប្រចាំថ្ងៃ វាធ្វើឱ្យប៉ះពាល់ដល់អ័រម៉ូន ការធ្វើមេតាប៉ូលិស និងបំផ្លាញសុខភាពទូទៅ។ ហេតុនេះហើយគួរកាត់បន្ថយការប្រើប្រាស់វត្ថុទាំងនេះទើបជាការប្រសើរ។

៥.ទ្រទ្រង់ប្រព័ន្ធបន្សាបជាតិពុលធម្មជាតិនៃរាងកាយ៖ យុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពក្នុងការបន្សាបជាតិពុលចេញពីរាងកាយតាមបែបធម្មជាតិ គឺជាការបញ្ចូលអាហារដែលមានជាតិសរសៃខ្ពស់ ដែលអាចជួយឱ្យរាងកាយកម្ចាត់ចោលកាកសំណល់ផ្សេងៗ ក៏ដូចជាបញ្ចេញញើសតាមរយៈការហាត់ប្រាណ ឬសូណា។ ៦.ទទួលទានរបបអាហារត្រឹមត្រូវ៖ ជ្រើសរើសប្រភេទអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹម ដូចជា រុក្ខជាតិចម្រុះពណ៌ ប្រូតេអ៊ីនដែលគ្មានជាតិខ្លាញ់ និងខ្លាញ់សុខភាព ព្រមទាំងចៀសវាងពពួកអាហារកែច្នៃ និងជាតិស្ករ ដែលអាចផ្ដល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះសុខភាព៕ អត្ថបទដកស្រង់ពី៖ Hello គ្រូពេទ្យ



