
រាជធានីបាងកក៖ អគ្គមេបញ្ជាការកងកម្លាំងការពារជាតិប្រទេសថៃ បានដឹកនាំកិច្ចប្រជុំមេៗយោធានៅថ្ងៃទី១៩ ខែកញ្ញានេះ ដើម្បីកាន់ទុក្ខទាហានពលី និងជនស៊ីវិល១៥នាក់ដែលបានស្លាប់ក្នុងការប៉ះទង្គិចនៅតាមព្រំដែនកម្ពុជា-ថៃ និងបានអនុម័តបិទព្រំដែនជាមួយកម្ពុជារហូត។ នេះបើតាមកាសែតខាវសដ...។

ក្រុមប្រឹក្សាបញ្ជាការយោធា បានអនុម័តបិទច្រកព្រំដែន រហូតដល់កម្ពុជាលែងបង្កការគំរាមកំហែងដល់ប្រទេសថៃ។ ការសម្រេចចិត្តដ៏គឃ្លើនសំខាន់ៗ របស់មេយោធាថៃរួមមាន៖ ទី១.សន្តិសុខព្រំដែន រក្សាការបិទច្រកព្រំដែនបច្ចុប្បន្ន រហូតដល់ភាពតានតឹងបានធូរស្រាល ដែលភាគីថៃចោទកម្ពុជាថា រហូតដល់កម្ពុជាឈប់គំរាមកំហែងសន្តិសុខថៃ។(Sic) ទី២.ការសាងសង់របងព្រំដែន ពោលគឺសាងសង់របងតាមតំបន់ព្រំដែនដែលបានព្រមព្រៀងគ្នា និងបង្កើនការល្បាតក្នុងតំបន់ជម្លោះ និងបង្កើតផ្លូវយុទ្ធសាស្ត្រ។ និងទី៣.ការការពារអធិបតេយ្យភាព ផ្តោតលើការអនុវត្តតាមវិធានអន្តរជាតិនៃការចូលរួម(ROE) ប្រឆាំងនឹងអំពើអរិភាព ចារកម្ម ឬការរៀបចំការវាយប្រហារ ដោយអនុញ្ញាតឱ្យមានវិធានការការពារខ្លួនជាមុន៕




