
ក្រុងសៀមរាប៖ ចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ តទៅ បរិវេណខាងមុខប្រាសាទអង្គរវត្ត នឹងមិនត្រូវបានអនុញ្ញាតឱ្យធ្វើចរាចរណ៍ទៀតឡើយ។ នេះបើតាមការជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា ប្រាប់ដល់ស្ថាប័នជាតិ អន្តរជាតិ សមាគមទីភ្នាក់ងារទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងស្ថាប័នពាក់ព័ន្ធ នៅថ្ងៃទី១៩ ខែកញ្ញា…។

អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា រថយន្ត, ត្រីចក្រយានយន្ត, និងទោចក្រយានយន្តគ្រប់ប្រភេទ នឹងមិនត្រូវបានអនុញ្ញាតតឱ្យធ្វើដំណើរចេញ-ចូល នៅបរិវេណខាងមុខប្រាសាទអង្គរវត្ត ទៀតឡើយ ចាប់ពីថ្ងៃទី២៥ ខែកញ្ញាតទៅ លើកលែងតែការធ្វើដំណើរដោយកង់ និងអ្នកដំណើរថ្មើរជើង។ យ៉ាងណាក៏ដោយ អ្នកបើកបររថយន្ត, ត្រីចក្រយានយន្ត, និងទោចក្រយានយន្តគ្រប់ប្រភេទ អាចប្រើប្រាស់ផ្លូវវាងថ្មី ភ្ជាប់ពីកសិណខាងត្បូងប្រាសាទអង្គរវត្ត ឆ្ពោះទៅវិថីព្រះនរោត្តមសីហមុនី (គំនូសពណ៌ខៀវក្នុងផែនទី)។

ការបិទចរាចរណ៍ នៅបរិវេណខាងមុខប្រាសាទអង្គរវត្ត ធ្វើឡើងក្នុងទិសដៅថែរក្សា ការពារ អភិរក្ស និងលើកតម្លៃលេចធ្លោជាសកល នៃរមណីយដ្ឋានអង្គរ និងដើម្បីរក្សាបាននូវសុវត្ថិភាព សណ្តាប់ធ្នាប់ ព្រមទាំងចៀសវាងបាននូវការកកស្ទះចរាចរណ៍បរិវេណខាងមុខប្រាសាទអង្គរវត្ត។ អាជ្ញាធរជាតិអប្សរាបញ្ជាក់បន្ថែម៕




