កម្ពុជាចុះកិច្ចព្រមព្រៀងចំនួន៥ នាំចេញទំនិញជាផលិតផលសក្តានុពលទៅចិន និងជំរុញផ្នែកវេជ្ជសាស្ត្រក្នុងប្រទេស
អុន សម្ផស្ស
18 កញ្ញា 2025 09:43 AM

ទីក្រុងណាននីង៖ អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការសំខាន់ៗចំនួន៥​ ត្រូវបានចុះហត្ថលេខាក្នុងវេទិកាជំរុញពាណិជ្ជកម្ម​ វិនិយោគ​ និងទេសចរណ៍កម្ពុជា​ នៅទីក្រុងណាននីង ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មលើផលិតផលសក្តានុពល និងជំរុញផ្នែកវេជ្ជសាស្ត្រនៅកម្ពុជា។ នេះបើយោងតាមការប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មនៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥..។

ព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ាន លើកទី២២ ត្រូវបានរៀបចំឡើងដោយ ក្រសួងពាណិជ្ជកម្ម សហការជាមួយលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន នៅទីក្រុងណាននីង​ ខេត្តក្វាងស៊ី ប្រទេសចិន កាលពីថ្ងៃទី១៧កញ្ញា ក្នុងគោលបំណងផ្សព្វផ្សាយ និងជំរុញបរិយាកាសធុរកិច្ច វិនិយោគ និងទេសចរណ៍មកកម្ពុជាបន្ថែម។ ក្នុងពេលជាមួយគ្នាកិច្ចព្រមព្រៀងចំនួន៥ត្រូវបានចុះហត្ថលេខា។ កិច្ចព្រមព្រៀងទាំងនោះរួមមាន៖ ទី១.ក្របខណ្ឌកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រលើការនាំចេញដំឡូងមីទៅកាន់ប្រទេសចិន។ ទី២.កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រក្នុងវិស័យវេជ្ជសាស្ត្រកម្ពុជា។ ទី៣.កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ឧស្សាហកម្មម្ហូបអាហារ និងកិច្ចសហប្រតិបត្តិការវប្បធម៌។ ទី៤.កិច្ចសហប្រតិបត្តិការលើការទិញ-លក់ផ្លែមៀនសម្ងួតកម្ពុជា។ ទី៥.កិច្ចសហប្រតិបត្តិការលើការទិញ-លក់គ្រាប់ស្វាយចន្ទីកម្ពុជា។

ក្រៅតែពីចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការសំខាន់ៗ តាមរយៈវេទិកាដដែលនេះ ក៏មានការធ្វើបទបង្ហាញដោយវាគ្មិនកិត្តិយសដែលអញ្ជើញមកពីស្ថាប័នរដ្ឋ និងវិស័យឯកជន ចំនួន៦រូប រួមមាន៖ តំណាងក្រសួងពាណិជ្ជកម្ម តំណាងក្រសួងទេសចរណ៍ តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងរដ្ឋបាលខេត្តព្រះសីហនុ តំណាងសមាគមវាយនភ័ណ្ឌ សំលៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរនៅកម្ពុជា (TAFTAC) និង តំណាងក្រុមហ៊ុន Coastal City Development Group ដើម្បីជំរុញដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍កម្ពុជា-ចិន ឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពបន្ថែមទៀត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត