ក្រោយព្រំដៃនកម្ពុជា-ថៃបិទ កសិផលខ្មែរត្រូវផ្គត់ផ្គងក្នុងស្រុក និងបង្វែរនាំចេញទៅវៀតណាម
អុន សម្ផស្ស
20 មិថុនា 2025 06:30 AM

រាជធានីភ្នំពេញ៖ ក្នុងអំឡុងពេលមានការបិទខ្ទប់មិនឱ្យមានការដោះដូរបន្លែផ្លែឈើឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ កសិផលខ្មែរមួយចំនួនដែលធ្លាប់នាំចេញទៅប្រទេសថៃ ត្រូវប្រមូលចូលលក់តាមផ្សារទំនើបនានាក្នុងស្រុក ខណៈមួយផ្នែកទៀតត្រូវនាំចេញទៅទីផ្សារប្រទេសវៀតណាម។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម…។

លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម

លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែងប្រាប់ SBM News តាមទូរសព្ទនៅព្រឹកថ្ងៃទី២០មិថុនានេះថា កម្ពុជាពុំមែនមានតែទីផ្សារនាំទំនិញចេញទៅតែប្រទេសថៃនោះទេ គឺកម្ពុជាមានទីផ្សារនៅវៀតណាម ទីផ្សារចិន និងទីផ្សារប្រទេសដទៃទៀតសម្រាប់នាំចេញទំនិញផងដែរ។ ហេតុនេះ នៅពេលមានការរាំងខ្ទប់ទំនិញមិនឱ្យនាំចេញតាមព្រំដែន ច្បាស់ណាស់កម្ពុជានឹងបង្វែរទិសដៅ។ លោកថ្លែងសង្កត់ធ្ងន់ថា៖«[..]មួយភាគធំនៃបន្លែផ្លែឈើដែលធ្លាប់នាំចេញទៅថៃ ត្រូវបានស្រូបដោយទីផ្សារក្នុងស្រុក ហើយមួយផ្នែកទៀតត្រូវបានបង្វិលទៅតាមទិសដៅ ដើម្បីនាំចេញទៅប្រទេសវៀតណាម[..]»

ក្រៅពីការបង្វែរទិសដៅនាំចេញនេះ ក្រសួងពាណិជ្ជកម្ម ក៏មានផែនការស្រាប់សម្រាប់ឆ្លើយតបភ្លាមៗ ដើម្បីសម្រួលដល់ការលក់របស់កសិករ។ លោកថ្លែងថា៖«[..]ជាយុទ្ធនាការរបស់ក្រសួងពាណិជ្ជកម្ម យើងសម្របសម្រួលការដឹកជញ្ជូន[..]ការដឹកជញ្ជូនយើងជួយសម្រសម្រួលពីកន្លែងផលិតឱ្យមកដល់ទីផ្សារ[..]»។ តាមអ្នកនាំពាក្យអះអាងបន្ថែមថា កន្លងទៅទំនិញដែលកម្ពុជាធ្លាប់នាំទៅប្រទេសថៃ មានដូចជាពោត ដំឡូងមី ស្វាយចន្ទី និងទុរេន ជាដើម ហើយភាគច្រើនត្រូវប្រទេសនេះ នាំបន្តទៅទីផ្សារប្រទេសចិន ពោលគឺមិនសូវមានការប្រើប្រាស់ក្នុងស្រុកឡើយ។ ដោយឡែក ចំពោះកម្ពុជាវិញក៏ដូចគ្នា រាល់ការនាំចូលបន្លែផ្លែឈើពីប្រទេសថៃ នាពេលកន្លងមក មានមួយភាគតូចប៉ុណ្ណោះ ដែលប្រើប្រាស់ក្នុងស្រុក ខណៈក្រៅពីនោះត្រូវឆ្លងកាត់បន្តទៅប្រទេសវៀតណាម។  

ទំនាក់ទំនងកម្ពុជា-ថៃ ហាក់កាន់តែប្រេះឆា រីឯភាពតានតឹងតាមព្រំដែនក៏កាន់តែឡើងកម្តៅពីមួយថ្ងៃទៅមួយថ្ងៃ ចាប់តាំពីករណីផ្ទុះអាវុធដាក់គ្នានៅតំបន់មុំ៣ កាលពីព្រឹកថ្ងៃទី២៨ឧសភា ដែលបណ្ដាលឱ្យកងទ័ពកម្ពុជាម្នាក់បាត់បង់ជីវិត។ ជាបន្តបន្ទាប់ភាគីទាំងពីរ បានដាក់ចេញវិធានការរឹតបន្តឹងនានា ជាកស្តែង ប្រទេសថៃបានសម្រេចបិទព្រំដែនមួយចំនួនជាមួយកម្ពុជា ដោយឯកតោភាគី ខណៈកម្ពុជាឆ្លើយតបវិញដោយការបិទមិនឱ្យមានការនាំបន្លែផ្លែឈើចូលវិញដូចគ្នា ចាប់តាំងពីថ្ងៃទី១៧មិថុនា ឆ្នាំ២០២៥។ យ៉ាងណា ក្រោយការសម្រេចនេះ ក្រសួងកសិកម្មកម្ពុជា បានអះអាងពីការធានាបាននៅសមត្ថភាពគ្រប់គ្រាន់ដែលអាចផលិតបន្លែ-ផ្លែឈើបានដោយខ្លួនឯង ដោយធានាបាននូវតម្រូវការសន្តិសុខស្បៀង ទោះមិនមានការនាំចូលពីប្រទេសជិតខាងក៏ដោយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត