មន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ទៅវៀតណាម ពិភាក្សារកទីផ្សានាំចេញដំឡូងមី
អុន សម្ផស្ស
25 សីហា 2025 05:30 AM

ហូជីមិញ៖ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា លោក វ៉ា រុតសាន ដឹកនាំគណៈប្រតិភូទៅបំពេញបេសកកម្ម នៅទីក្រុងហូជីមិញ ដើម្បីផ្គូផ្គង និងពិភាក្សាជំរុញការនាំចេញដំឡូងមីពីកម្ពុជា ទៅកាន់ទីផ្សារវៀតណាម។ នេះបើតាមការផ្សាយរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃ២៤ ខែសីហា ឆ្នាំ២០២៥..។

ដំណើរបំពេញបេសកកម្មកាលពីថ្ងៃទី២៣សីហាកន្លងទៅថ្មីៗនេះ គឺដើម្បីភ្ជាប់ទំនាក់ទំនងធុរកិច្ច និងកិច្ចសហប្រតិបត្តិការរវាងសហព័ន្ធដំឡូងមីកម្ពុជា និងសមាគមដំឡូងមីវៀតណាម ក្នុងគោលបំណងស្វែងរកឱកាសទីផ្សារ ក៏ដូចជាជំរុញការនាំចេញដំឡូងមីកម្ពុជាទៅកាន់ទីផ្សារប្រទេសវៀតណាម។ កិច្ចពិភាក្សានោះ មានការចូលរួមពីមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម អគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស អគ្គកុលស៊ុល និងអនុព័ន្ធពាណិជ្ជកម្មកម្ពុជា ព្រមទាំងសហព័ន្ធដំឡូងមីកម្ពុជា-វៀតណាម ដោយមានការធ្វើបទបង្ហាញពីសក្តានុពលវិស័យដំឡូងមី នៃប្រទេសទាំងពីរ និងកម្មវិធីជំនួបពាណិជ្ជកម្ម។ ទន្ទឹមគ្នានោះ គណៈប្រតិភូទាំងអស់ ក៏បានធ្វើទស្សនកិច្ចរោងចក្រផលិត និងដំឡើងម៉ាស៊ីនកែច្នៃដំឡូងមី សម្ងួតដំឡូងមី ពោត ដើម្បីពិនិត្យមើលម៉ាស៊ីន ដែលអាចកែច្នៃដំឡូមីឱ្យមានស្ដង់ដារខ្ពស់សម្រាប់នាំចេញ។

គួរជ្រាបថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម មានការកើតឡើងយ៉ាងខ្ពស់ក្នុងពេលបច្ចុប្បន្ននេះ ជាក់ស្តែងត្រឹមតែរយៈពេល៧ខែឆ្នាំ២០២៥ មានរហូតទៅដល់ប្រមាណ៧ពាន់លានដុល្លារ។​​ ក្នុងនោះកម្ពុជាបាននាំទៅកាន់ប្រទេសវៀតណាម ប្រមាណ៣,៨ពាន់លានដុល្លារ ហើយចំពោះវៀតណាមវិញ នាំចូលមកកម្ពុជា មានចំនួន៣,២ពាន់លានដុល្លារ។ ចំនួននេះ បានបង្ហាញថា កម្ពុជានាំចេញទៅកាន់ប្រទេសវៀតណាម មានចំនួនច្រើនជាងវៀតណាមនាំចូលមកកម្ពុជា៕  

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត