
រាជធានីភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងពាណិជ្ជកម្មប្រទេសប៉ាគីស្ថាន នឹងរួមគ្នារៀបចំពិព័រណ៍មួយ ហៅថា «The 1st FoodAg. Manufacturing Exhibition» ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងឡាហ្គ័រ ប្រទេសប៉ាគីស្ថាន។ តាមរយៈសេចក្ដីជូនដំណឹង ក្រសួងពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា ព្រឹត្តិការណ៍ពិព័រណ៍នេះ នឹងផ្ដល់ឱកាសដល់ការបង្កើតបណ្តាញអាជីវកម្ម ការបង្កើតដៃគូសហការថ្មីជាអន្តរជាតិ ការបង្ហាញផលិតផលច្នៃប្រឌិតថ្មី ការសហការ និងការបណ្តាក់ទុនរួមគ្នាក្នុងវិស័យកសិកម្មរវាងកម្ពុជានិងប៉ាគីស្ថាន...។

ទន្ទឹមគ្នា ពិព័រណ៍នេះ នឹងផ្តល់វេទិកាសម្រាប់ក្រុមហ៊ុនកែច្នៃអាហារអន្តរជាតិ ដើម្បីបង្កើតរោងចក្រកែច្នៃអាហារនៅប្រទេសប៉ាគីស្ថានសម្រាប់នាំចេញ និងសម្រួលដល់ការធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់ផលិតកម្ម ក្នុងវិស័យកែច្នៃអាហារ ភស្តុភារកម្ម និងផលិតភាពកសិកម្ម។ សម្រាប់ពាណិជ្ជករ និងសាធារណជនដែលមានចំណាប់អារម្មណ៍ចង់ចូលរួមក្នុងព្រឹត្តិការណ៍ខាងលើ អាចទំនាក់ទំនងទៅកាន់ស្ថានទូតសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថានប្រចាំកម្ពុជា៕




