
រាជធានីភ្នំពេញ៖ ក្នុងឱកាសពិភាក្សាការងារជាមួយ លោក អូលីវែរ រីឆាត ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា នាថ្ងៃទី១៨កញ្ញានេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើឱ្យភាគីបារាំងយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការតាមដានអំពីស្ថានការណ៍រវាងព្រំដែនកម្ពុជា-ថៃ ជាពិសេស គឺការជំរុញឱ្យភាគីទាំងពីរ អនុវត្តនូវបទឈប់បាញ់ឱ្យបានពេញលេញ…។

ពាក់ព័ន្ធទៅនឹងស្ថានភាព នៃបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ សម្តេចតេជោ បញ្ជាក់ទៅកាន់លោក ឯកអគ្គរដ្ឋទូតបារាំង ថា បទឈប់បាញ់នៅតែមានភាពផុយស្រួយ ហើយអ្វីដែលកម្ពុជាចង់ឃើញចង់បាននោះ គឺមិនចង់ឱ្យបារាំងទៅថ្កោលទោសប្រទេសថៃទ្បើយ គ្រាន់តែចង់ឱ្យខិតខំជំរុញឱ្យភាគីទាំងពីរមានការអត់ធ្មត់ខ្ពស់ ដើម្បីអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងវិលមករកប្រក្រតីភាពឡើងវិញ។ សម្តេចតេជោ គូសបញ្ជាក់ថា ការអញ្ជើញមកកាន់ប្រទេសកម្ពុជាឆាប់រហ័សរបស់លោក អូលីវែរ រីឆាត ក្នុងឋានៈជាឯកអគ្គរដ្ឋទូតថ្មី ក្រោយពីឯកអគ្គរដ្ឋទូតចាស់បានចប់បេសកកម្ម គឺជាការបង្ហាញយ៉ាងច្បាស់អំពីការផ្ដល់តម្លៃរបស់បារាំងចំពោះកម្ពុជា។

សម្តេចតេជោ សង្ឃឹមថា វត្តមានរបស់លោក អូលីវែរ រីឆាត ក្នុងនាមជាឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា នឹងញ៉ាំងឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរីកចម្រើនបន្តទៀត។ លោកឯកអគ្គរដ្ឋទូត បង្ហាញក្ដីរីករាយដែលឃើញទំនាក់ទំនងរវាងកម្ពុជា និងបារាំង មានភាពល្អប្រសើរ និងភាពរីកចម្រើនជាបន្តបន្ទាប់ ។ លោកក៏បានជម្រាបដល់សម្តេចតេជោ ពីការត្រៀមខ្លួនក្នុងការរៀបចំនៃដំណើរទស្សនកិច្ចរបស់ ប្រធានាធិបតីបារាំង លោក ម៉ាក្រុង មកកម្ពុជា នៅក្នុងឆ្នាំ២០២៦ខាងមុខ។ លោកឯកអគ្គរដ្ឋទូត គូសបញ្ជាក់ថា បារាំងបានយកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដោយបារាំងនឹងបន្តតាមដានជាប្រចាំលើរឿងនេះ៕





