លោក ជួន ណារិន្ទ ប្រាប់ឱ្យកងកម្លាំងត្រៀមទទួលបទបញ្ជា ចូលរួមការពារទឹកដីកម្ពុជាពីសត្រូវឈ្លានពាន
S
Soriya Sou
18 កញ្ញា 2025 06:00 AM

រាជធានីភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំឱ្យកងកម្លាំងអន្តរាគមន៍ពិសេសទាំងអស់ ត្រៀមទទួលបទបញ្ជា បើជាតិត្រូវការ ដើម្បីការពារដែនអធិបតេយ្យភាពកម្ពុជា ពីសត្រូវឈ្លានពាន…។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ 
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ 

ការណែនាំដូច្នេះរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ធ្វើឡើងក្នុងកិច្ចប្រជុំជាមួយកងកម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៧កញ្ញា ឆ្នាំ២០២៥ ដើម្បីពង្រឹងការចុះប្រតិបត្តិការ បង្ការ បង្ក្រាប ទប់ស្កាត់បទល្មើសនានា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ និងស្របពេលអាជ្ញាធរថៃ នៅថ្ងៃដដែល បានបន្តចូលរំលោភបំពានដែនអធិបតេយ្យជាតិកម្ពុជា ដោយបានប្រើអំពើហិង្សាលើប្រជាពលរដ្ឋ និងព្រះសង្ឃខ្មែរ បណ្ដាលឱ្យរងរបួស២៩នាក់ នៅភូមិសាស្ត្រ ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងព័ទ្ធយកដីដែលពលរដ្ឋខ្មែរបានរស់នៅ និងអាស្រ័យផលជាយូរមកហើយ។

ក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានណែនាំឱ្យកម្លាំងកងអន្តរាគន៍ពិសេសទាំងអស់ ក៏ដូចជាកម្លាំងអន្តរាគមន៍នៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវចាំបាច់រៀបចំឱ្យរៀបរយទាំងកម្លាំង និងមធ្យោបាយសម្ភារឱ្យបានត្រឹមត្រូវ បែងចែកកម្លាំងបំពេញភារកិច្ចឱ្យមានការទទួលខុសត្រូវខ្ពស់។ លោកបានសង្កត់ធ្ងន់ ឱ្យកងម្លាំងក្រោមឱវាទត្រៀមទទួលបទបញ្ជា សម្រាប់ចូលរួមការការពារដែនអធិបតេយ្យភាពទឹកដីកម្ពុជា ពីការឈ្លានពានពីសំណាក់រដ្ឋបរទេស ក្នុងករណីចាំបាច់ណាមួយដែលជាតិត្រូវការ។ កងកម្លាំងទាំងអស់ ត្រូវហ្វឹកហាត់ជាប្រចាំពីយុទ្ធសាស្ត្រ និងយុទ្ធវិធីសំខាន់ដូចជា៖ ការទប់ទល់បាតុកម្ម វាយលុកអំពើភេរវកម្ម ជំនាញរំដោះចំណាប់ខ្មាំង និងការប្រើប្រាស់ខែលការពារពីការវាយលុករបស់សត្រូវជាដើម ដើម្បីការពារសន្តិសុខឱ្យកាន់តែរឹងមាំ ទប់ស្កាត់អំពើទាំងហ្លាយណាដែលមានចេតនាអាក្រក់ ប៉ុនប៉ងបំផ្លាញសន្តិភាពរបស់ប្រទេសជាតិ។

ការពារទឹកដីពីសត្រូវឈ្លានពានជារឿងសំខាន់ ហើយការការពារសុវត្ថិភាព សណ្ដាប់ធ្នាប់​ របៀបរៀបរយជូនពលរដ្ឋ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះក៏សំខាន់ដូចគ្នា។ ដូច្នេះ លោក ជួន ណារិន្ទ បានបន្តណែនាំដល់កងកម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវតែត្រៀមលក្ខណៈឱ្យបានរួចជាស្រេច១០០ភាគរយ សម្រាប់ការចុះប្រតិបត្តិការអន្តរាគមន៍ បង្ការ បង្ក្រាប ទប់ស្កាត់បទល្មើសនានា សំដៅការពារសន្តិសុខសុវត្ថិភាពជូនពលរដ្ឋ ក៏ដូចជាធានាសុវត្ថិភាពសង្គមជាតិ ឱ្យកាន់តែល្អប្រសើរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត