
ក្រុងស្ទឹងសែន៖ «ក្រុងស្ទឹងសែន» ខេត្តកំពង់ធំ ទទួលបានជ័យលាភី ជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ខណៈជ័យលាភីនេះ នឹងធ្វើឱ្យខេត្តកំពង់ធំកាន់តែលេចធ្លោ និងទាក់ទាញទេសចរកាន់តែច្រើនបន្ថែមទៀត...។

ពិធីប្រកាសទទួលស្គាល់ជាផ្លូវការ «ក្រុងស្ទឹងសែន ជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី» បានធ្វើឡើងក្រោមវត្តមានលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ , លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងលោកស្រី Ada Moadsiri តំណាងអង្គការសុខភាពពិភពលោក-កម្ពុជា។ លោក នួន ផារ័ត្ន បានបង្ហាញក្ដីរីករាយ និងលើកឡើងថា សមិទ្ធផលដែលកើតមានក្នុងវិស័យទេសចរណ៍ខេត្តកំពង់ធំ បានឆ្លុះបញ្ចាំងតាមរយៈការអនុវត្តគោលនយោបាយយុទ្ធសាស្ត្រអភិវឌ្ឍទេសចរណ៍ ដែលបានដាក់ចេញសំដៅធានាបាននូវតុល្យភាពរវាងផលប្រយោជន៍ខាងផ្នែកបរិស្ថាន សេដ្ឋកិច្ច សង្គម និងវប្បធម៌ ដែលវាជាកត្តាសំខាន់បំផុតសម្រាប់និរន្តរភាពនៃវិស័យទេសចរណ៍នៅកម្ពុជា ក៏ដូចជាខេត្តកំពង់ធំ។

លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានចូលរួមអបអរសាទរដល់ក្រុងស្ទឹងសែន ក៏ដូចជាក្នុងខេត្តកំពង់ធំ ដែលទទួលបានជ័យលាភីជា «ទីក្រុងទេសចរណ៍គ្មានផ្សែងបារី» ហើយលោករំពឹងថាខេត្តកំពង់ធំ នឹងកាន់តែលេចធ្លោទាក់ទាញបន្ថែមទៀតពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ លោកបានអរគុណដល់រដ្ឋបាលខេត្តដែលតែងអនុវត្តយុទ្ធនាការផ្សព្វផ្សាយកម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្ដៅ និងចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» ខណៈបរិស្ថានគ្មានផ្សែងបារី ជាបរិបទមួយដែលពិភពលោក ក៏ដូចជាតំបន់បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការត្រួតពិនិត្យផលិតផលថ្នាំជក់ ដែលអាចប៉ះពាល់ដល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋទូទាំងពិភពលោក។

សូមជម្រាបថា នៅកម្ពុជា មានប្រជាពលរដ្ឋប្រមាណ១ម៉ឺននាក់បានស្លាប់ជារៀងរាល់ឆ្នាំ បណ្ដាលមកពីជំងឺបង្កដោយការប្រើប្រាស់ថ្នាំជក់ ដោយឡែក បើគិតទូទាំងពិភពលោក ក្នុង១ឆ្នាំមានមនុស្សស្លាប់ដោយសារថ្នាំជក់ប្រមាណ៦លាននាក់ ឬគិតជាមធ្យមប្រមាណ១ម៉ឺន៦ពាន់នាក់ក្នុងមួយថ្ងៃ។ បើគ្មានវិធានការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពទេ នៅឆ្នាំ២០៣០ ថ្នាំជក់អាចនឹងសម្លាប់មនុស្សប្រមាណ ៨លាននាក់ក្នុងមួយឆ្នាំ ហើយ៨០ភាគរយ នៃអ្នកស្លាប់គឺស្ថិតនៅបណ្តាប្រទេសកំពុងអភិវឌ្ឍ៕





