
រាជធានីគូឡាឡំាពួ៖ លោក ការាអល សាបាន ( KARA-OOL Shalban) អនុប្រធានរដ្ឋសភានៃសហព័ន្ធរុស្ស៊ី (ឌូម៉ា) សន្យានឹងខិតខំជំរុញឱ្យមានជើងហោះហើរត្រង់រវាងកម្ពុជា និងរុស្ស៊ី ដើម្បីងាយស្រួលដល់ការភ្ជាប់ទំនាក់ទំនងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ…។

ប្រធានរដ្ឋសភានៃសហព័ន្ធរុស្ស៊ី សន្យាបែបនេះពេលជួបពិភាក្សាការងារជាមួយ សម្ដេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ក្នុងឱកាសចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ នៅរាជធានីគូឡាឡំាពួរ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥។ ប្រធានរដ្ឋសភានៃសហព័ន្ធរុស្ស៊ី គូសបញ្ជាក់ថា ក្នុងឱកាសខួប៧០ឆ្នាំនៃចំណងមិត្តភាពខាងមុខនេះ ប្រទេសទាំងពីរត្រូវតែពង្រឹង និងពង្រីកទំនាក់ទំនងជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធថែមទៀត។ ប្រធានរដ្ឋសភាកម្ពុជា ថ្លែងអំណរគុណរុស្ស៊ីដែលបានចូលរួមគាំទ្រដល់ការស្តារ និងអភិវឌ្ឍន៍សង្គមកម្ពុជាឡើងវិញ ក្រោយពីថ្ងៃទី៧មករាឆ្នាំ១៩៧៩ រហូតមកដល់ពេលនេះ។ ប្រធានរដ្ឋសភាកម្ពុជា គូសបញ្ជាក់ថា ឆ្នាំ២០២៥នេះ ជាខួបគម្រប់៦៩ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ហើយឆ្នាំ២០២៦ នឹងឈានដល់គម្រប់ខួបទី៧០ឆ្នាំ។

ដូច្នេះប្រទេសទាំងពីរ គួររៀបចំបង្កើតព្រឹត្តិការណ៍រួមគ្នាមួយ ដើម្បីអបអរសាទរនូវសមិទ្ធផលគួរជាទីមោទនៈជាច្រើន ដែលកើតចេញពីចំណងមិត្តភាព ទំនាក់ទំនងដ៏ល្អយូរអង្វែង និងភាពជាដៃគូនៃប្រទេសទាំងពីរ។ ជាមួយគ្នា ប្រធានរដ្ឋសភា ស្នើរុស្ស៊ីបន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ទៅសិក្សានៅប្រទេសខ្លួនឱ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីរួមចំណែកអភិវឌ្ឍមូលធនមនុស្សរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផ្តោតលើមនុស្សជាកត្តាអាទិភាពខ្ពស់បំផុត៕



