កម្ពុជា-រុស្ស៊ី ចាប់ដៃគ្នាឆ្ពោះទៅបង្កើតកិច្ចសហការមួយកម្រិតថែមទៀត គឺផ្ទេរអ្នកទោសទៅវិញទៅមក
Mao Sopha
27 ឧសភា 2025 09:30 AM

រាជធានីភ្នំពេញ៖ កម្ពុជា-រុស្ស៊ី កំពុងបន្តចរចា និងធ្វើកិច្ចការរួមគ្នា ដើម្បីឱ្យ «សន្ធិសញ្ញាស្តីពីការផ្ទេរទណ្ឌិត ឬអ្នកទោស» បានលេចចេញជារូងរាង សម្រាប់យកមកអនុវត្តជាមួយគ្នា។ សន្ធិសញ្ញាស្តីពីការផ្ទេរអ្នកទោស សំដៅថា កម្ពុជា និងរុស្ស៊ី អាចធ្វើបត្យាប័តផ្ទេរអ្នកទោសទៅវិញទៅមក។ បើមានពលរដ្ឋកម្ពុជា ក្លាយជាអ្នកទោស ហើយជាប់ពន្ធនាគារនៅរុស្ស៊ី កម្ពុជាអាចធ្វើបត្យាប័នស្នើសុំយកអ្នកទោសជាពលរដ្ឋខ្លួន ពីរុស្ស៊ី មកអនុវត្តទោសនៅកម្ពុជា។ ដូចគ្នាអ៊ីចឹងដែរ បើមានពលរដ្ឋរុស្ស៊ី ក្លាយជាអ្នកទោស ហើយជាប់ពន្ធនាគារនៅកម្ពុជា រុស្ស៊ី អាចធ្វើបត្យាប័នស្នើសុំយកអ្នកទោសជាពលរដ្ឋខ្លួន ពីកម្ពុជា ទៅអនុវត្តទោសនៅរុស្ស៊ី។

លោក អ៊ីហ្គើ ក្រាស្នូវ និងលោក កើត រិទ្ធ
លោក អ៊ីហ្គើ ក្រាស្នូវ និងលោក កើត រិទ្ធ

ក្នុងជំនួបជាមួយ លោក អ៊ីហ្គើ ក្រាស្នូវ (Igor Krasnov) អគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្ស៊ី លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌កម្ពុជា បានលើកឡើងពីការរួមដៃគ្នារវាងកម្ពុជា-រុស្ស៊ី ដើម្បីបញ្ចប់កិច្ចចរចា ហើយនឹងឈានទៅចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីការផ្ទេរអ្នកទោសជាផ្លូវការ។ លោក អ៊ីហ្ក័រ ក្រាស្នូវ និងគណៈប្រតិភូ បានមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃ ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥។ លោក កើត រិទ្ធ មើលឃើញថា នៅពេលខាងមុខ បន្ទាប់ពីចុះហត្ថលេខាជាមួយគ្នារួចហើយ សន្ធិសញ្ញាស្តីពីការផ្ទេរអ្នកទោសនេះ នឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ព្រហ្មទណ្ឌរវាងកម្ពុជា-រុស្ស៊ី មានលក្ខណៈគ្រប់ជ្រុងជ្រោយ

រូបអ្នកទោសនៅបរទេស
រូបអ្នកទោសនៅបរទេស

គួរដឹងថា សន្ធិសញ្ញាស្តីពីការផ្ទេរអ្នកទោស កម្ពុជា បានបង្កើត និងកំពុងអនុវត្តជាមួយប្រទេសមួយចំនួនហើយ នាពេលបច្ចុប្បន្ននេះ ដូចជា ជាមួយវៀតណាមជាប្រទេសជាប់របង ជាឧទាហរណ៍ស្រាប់។ កម្ពុជា និងវៀតណាម អាចស្នើសុំធ្វើបត្យាប័នផ្ទេរអ្នកទោសទៅវិញទៅមក។ ចំពោះកម្ពុជា ជាមួយរុស្ស៊ីវិញ គឺមានសន្ធិសញ្ញារួមគ្នា២ និងកំពុងអនុវត្តជាមួយគ្នា គឺ សន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ព្រហ្មទណ្ឌ និងសន្ធិសញ្ញាស្តីពីបត្យាប័ន។ សន្ធិសញ្ញាស្តីពីបត្យាប័ន ត្រូវបានភាគីទាំង២ចុះហត្ថលេខាជាមួយគ្នា និងបង្កើតឡើងជាផ្លូវការ នៅឆ្នាំ២០១៧។

ទង់ជាតិកម្ពុជា និងទង់ជាតិរុស្ស៊ី
ទង់ជាតិកម្ពុជា និងទង់ជាតិរុស្ស៊ី

ស្ថាប័នដែលមានសិទ្ធិអនុវត្តសន្ធិសញ្ញាស្តីពីបត្យាប័ន គឺក្រសួងយុត្តិធម៌កម្ពុជា និងការិយាល័យអគ្គរដ្ឋអាជ្ញារុស្ស៊ី។ តាមរយៈសន្ធិសញ្ញាស្តីពីបត្យាប័ន ភាគីកម្ពុជា-រុស្ស៊ី អាចស្នើសុំឱ្យចាប់បុគ្គលណាម្នាក់ ហើយថែមទាំងអាចស្នើសុំយកបុគ្គលនោះផងដែរ។ ប៉ុន្តែ សន្ធិសញ្ញាស្តីពីបត្យាប័ននេះ មិនមានវិសាលភាពអនុវត្តលើអ្នកទោសនោះទេ មានន័យថា បើបុគ្គលណាម្នាក់ ត្រូវបានតុលាការសម្រេចសេចក្តីឱ្យក្លាយជាអ្នកទោសហើយនោះ ភាគីកម្ពុជា-រុស្ស៊ី មិនអាចស្នើសុំយកអ្នកទោសនោះឡើយ។ គឺត្រូវរង់ចាំរហូតដល់ពេលសន្ធិសញ្ញាស្តីពីការផ្ទេរអ្នកទោស កើតឡើង និងចូលជាធរមានសិន ទើបកម្ពុជា-រុស្ស៊ី អាចស្នើសុំផ្ទេរអ្នកទោសទៅវិញទៅមកបាន។

បុរសម្នាក់ត្រូវប៉ូលិសចាប់វ៉ៃខ្នោះ (នៅក្រៅបរទេស)
បុរសម្នាក់ត្រូវប៉ូលិសចាប់វ៉ៃខ្នោះ (នៅក្រៅបរទេស)

ដោយពឹងលើសន្ធិសញ្ញាស្តីពីបត្យាប័ននេះ កម្ពុជា បានស្នើសុំឱ្យរុស្ស៊ី បញ្ជូនអតីតឧកញ៉ាម្នាក់ គឺលោក ហេង សិទ្ធី។ ធ្វើតាមការស្នើសុំនេះ រុស្ស៊ី បានយល់ព្រមបញ្ជូនអតីតឧកញ៉ា ហេង សិទ្ធី​ មកដល់កម្ពុជា កាលពីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥។ អតីតឧកញ៉ារូបនេះ ត្រូវបានសមត្ថកិច្ចរុស្ស៊ី ចាប់បានតាំងពីអំឡុងខែមករា ឆ្នាំ២០២៥ និងរក្សាខ្លួនទុកនៅទីនោះអស់៤-៥ខែមុនបញ្ជូនមកកម្ពុជា។ ក្រោយនកដល់កម្ពុជា តុលាការរាជធានីភ្នំពេញ ក៏បង្គាប់ឱ្យយកអតីតឧកញ៉ារូបនេះទៅឃុំនៅពន្ធនាគារព្រៃស ដើម្បីរង់ចាំការកាត់ទោស។ លោកត្រូវបានចោទប្រកាន់ពីបទគំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស ដោយសារលោកបានចេញមកនិយាយពីឧកញ៉ា អ្នកមានលុយ និងមន្រ្តីធំៗមួយចំនួនក្នុងជួររាជរដ្ឋាភិបាល ថាប្រព្រឹត្តអំពើខុសច្បាប់ផ្សេងៗ ដូចជា អំពើពុករលួយ និងការបើកដៃឱ្យមានល្បែងស៊ីសងតាមអនឡាញជាដើម។

លោក ហេង សិទ្ធី ពេលមកដល់កម្ពុជា 
លោក ហេង សិទ្ធី ពេលមកដល់កម្ពុជា 

សូមរម្លឹកទៅក្រោយបន្តិចថា កម្ពុជា ក៏ធ្លាប់ចាប់បញ្ជូនសេដ្ឋីរុស្ស៊ីម្នាក់ គឺលោក សឺហ្កេ ផូឡូនស្គី (Sergei Polonsky) និងបក្សពួក៥នាក់ផ្សេងទៀត ទៅឱ្យអាជ្ញាធររុស្ស៊ីដែរ កាលពីឆ្នាំ២០១៥ គឺតាំងពីមុនបង្កើតសន្ធិសញ្ញាស្តីពីបត្យាប័ននេះទៅទៀត។ កាលនោះ អាជ្ញាធរកម្ពុជា អះអាងថា សេដ្ឋីរុស្ស៊ីរូបនេះ និងបក្សពួក ចូលមករស់នៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់។ បើតាមតុលាការរុស្ស៊ីវិញ ដោយសារក្រុមហ៊ុនអចលនទ្រព្យរបស់ខ្លួននៅរុស្ស៊ីជាប់បំណុល ទើបសេដ្ឋីរូបនេះ បោះបង់ក្រុមហ៊ុន ហើយក៏រត់មកលួចសម្ងំរស់នៅក្នុងប្រទេសកម្ពុជា។

លោក សឺហ្កេ ផូឡូនស្គី ពេលអាជ្ញាធរកម្ពុជា បញ្ជូនទៅរុស្ស៊ីវិញ
លោក សឺហ្កេ ផូឡូនស្គី ពេលអាជ្ញាធរកម្ពុជា បញ្ជូនទៅរុស្ស៊ីវិញ

ក្នងជំនួបខាងលើ លោក កើត រិទ្ធ និង អ៊ីហ្គើ ក្រាស្នូវ បានចុះហត្ថលេខារួមគ្នាលើអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌កម្ពុជា និងការិយាល័យអគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្ស៊ី។ លោក អ៊ីហ្គើ ក្រាស្នូវ និយាយនៅចំពោះមុខលោក កើត រិទ្ធ ថា អនុស្សរណៈនេះ នឹងជួយឱ្យកម្ពុជា-រុស្ស៊ី អាចពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តច្បាប់ និងការផ្លាស់ប្តូរបទពិសោធ។ លោក កើត រិទ្ធ ចាត់ទុកដំណើរទស្សនកិច្ចរបស់លោក អ៊ីហ្គើ ក្រាស្នូវ ជាលើកដំបូងនេះ ថាមានសារសំខាន់ណាស់ក្នុងការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់រវាងកម្ពុជា និងរុស្ស៊ី ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត៕  

លោក  អ៊ីហ្គើ ក្រាស្នូវ និងលោក កើត រិទ្ធ
លោក  អ៊ីហ្គើ ក្រាស្នូវ និងលោក កើត រិទ្ធ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត