កម្ពុជា-រុស្ស៊ី ជ្រើសយកវិស័យថាមពល និងឧស្សាហកម្ម ធ្វើជាក្បាលម៉ាស៊ីនជំរុញភាពរុងរឿងជាមួយគ្នា
S
Soriya Sou
29 មេសា 2025 03:00 AM

រាជធានីភ្នំពេញ៖ វិស័យសំខាន់ចំនួនពីរ គឺ វិស័យថាមពល និងឧស្សាហកម្ម ត្រូវបានភាគីកម្ពុជា-រុស្ស៊ី កំណត់យកធ្វើជាក្បាលម៉ាស៊ីន ជំរុញភាពរុងរឿងយូរអង្វែងជាមួយគ្នា។ នេះបើតាមលទ្ធផលនៃកិច្ចប្រជុំគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី លើកទី១១...។

កិច្ចប្រជុំគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី លើកទី១១ កាលពីថ្ងៃទី២៨មេសា ឆ្នាំ២០២៥។
កិច្ចប្រជុំគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី លើកទី១១ កាលពីថ្ងៃទី២៨មេសា ឆ្នាំ២០២៥។

ក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូជាមួយលោកស្រី អុកសាណា លូត Oksana Lut រដ្ឋមន្ត្រីក្រសួងកសិកម្មនៃសហព័ន្ធរុស្ស៊ី កាលពីថ្ងៃទី២៨មេសា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានជំរុញឱ្យភាគីរុស្ស៊ី ពន្លឿន និងអនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀង និងអនុស្សរណៈដែលបានចុះហត្ថលេខា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងទាញយកអត្ថប្រយោជន៍ជាអតិបរមា។ ប្រមុខការទូតកម្ពុជា ក៏បានលើកឡើងពីវិស័យសំខាន់ៗចំនួន៣ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនេះផងដែរ។ ក្នុងនោះ វិស័យពាណិជ្ជកម្ម និងការវិនិយោគ លោកឧនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអញ្ជើញថ្នាក់ដឹកនាំធុរកិច្ច សហគ្រិន និងអ្នកវិនិយោគរុស្ស៊ី មកស្វែងយល់ពីទីផ្សារកម្ពុជា ជាពិសេសក្នុងវិស័យកសិកម្ម និងផលិតផលម្ហូបអាហារ។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ដើម្បីជំរុញឱ្យមានការទំនាក់ទំនងរវាងវិស័យធុរកិច្ច លោកបានស្នើឱ្យភាគីទាំងពីរពិចារណារៀបចំវេទិកាធុរកិច្ច ឬពិរព័ណ៍រួមគ្នា ដើម្បីជាវេទិកាសម្រាប់ការភ្ជាប់ទំនាក់ទំនង ការផ្គូផ្គង និងការធ្វើអាជីវកម្មរួម។ ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យថាមពល និងឧស្សាហកម្ម កម្ពុជាបានស្វាគមន៍ចំពោះបំណងរបស់រុស្ស៊ី ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ទាំងនេះ និងបានគូសបញ្ជាក់ថា ប្រទេសទាំងពីរកម្ពុជា-រុស្ស៊ី អាចបង្កើនភាពជាដៃគូដែលមានស្រាប់ ដើម្បីប្រែក្លាយវិស័យទាំងនេះទៅជាក្បាលម៉ាស៊ីននៃវិបុលភាពរួមគ្នាយូរអង្វែង។ កម្ពុជា-រុស្ស៊ី ក៏បានអះអាងជាថ្មីនូវការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការជំរុញទំនាក់ទំនងប្រកបដោយភាពស្វាហាប់ និងឆ្ពោះទៅមុខដោយផ្អែកលើការទុកចិត្ត ការគោរពគ្នា និងផលប្រយោជន៍ទៅវិញទៅមក៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត