ចិនប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើគ្រប់វិស័យ
S
Sreyleak Yith
17 កញ្ញា 2025 04:15 AM

ទីក្រុងណាននីង៖ លោក ហាន ហ្សេង Han Zheng អនុប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន លើកឡើងថា ចិន និងកម្ពុជា គឺជាមិត្តដែកថែប ហើយចិនប្តេជ្ញាគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជា និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើគ្រប់វិស័យ…។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត (ឆ្វេងដៃ) , លោក Han Zheng អនុប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន (ស្តាំដៃ)
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត (ឆ្វេងដៃ) , លោក Han Zheng អនុប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន (ស្តាំដៃ)

លោកអនុប្រធានាធិបតី លើកទ្បើងបែបនេះ ក្នុងឱកាសជួបពិភាក្សាការងារជាមួយ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។ លោកអនុប្រធានាធិបតី បានវាយតម្លៃខ្ពស់ចំពោះលោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ដែលដើរតួយ៉ាងសំខាន់ក្នុងការពង្រឹងចំណងមិត្តភាព ចិន-កម្ពុជា ពិសេសតាមរយៈតួនាទីជាអគ្គលេខាធិការនៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន នាពេលកន្លងមក។ 

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ គូសបញ្ជាក់ថា ចិន-កម្ពុជា មាននិស្ស័យជាមួយគ្នា និងបានចាក់ឫសជ្រៅរាប់សតវត្សរ៍ ហើយចំណងមិត្តភាពដ៏មានតម្លៃនេះ ត្រូវបានទទួលស្គាល់ដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរជាច្រើនជំនាន់ ចាប់ផ្តើមពី ព្រះករុណាព្រះបាទ សម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងលោកប្រធាន ម៉ៅ សេទុង បន្តអនុវត្តដល់លោក ជូ អេនឡាយ និងត្រូវបានបន្តពូនជ្រំ ថ្នាក់ថ្នមដោយថ្នាក់ដឹកនាំជំនាន់ក្រោយមាន សម្តេចតេជោ ហ៊ុន សែន, សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកប្រធានាធិបតី ស៊ី ជីនពីង។ ជាមួយគ្នា លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ ក៏បានលើកឡើងពីលទ្ធផលផ្លែផ្កាជាក់ស្តែង និងទិសដៅជាអាទិភាពនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្នុងវិស័យនយោបាយ ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ដោយផ្តោតលើការជំរុញទេសចរចិនទៅទស្សនាកម្ពុជា និងការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត