លោក វ៉ាង វិនពីន៖ ចិន ជាដៃគូអាចទុកចិត្តបានរបស់កម្ពុជា ទាំងពេលបច្ចុប្បន្ន និងអនាគត
S
Soriya Sou
02 កញ្ញា 2025 02:25 PM

រាជធានីភ្នំពេញ៖ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនពីន បានបញ្ជាក់ពីចំណងមិត្តភាពល្អរវាងចិន និង កម្ពុជា ដែលកំពុងបន្តអភិវឌ្ឍទៅមុខឥតឈប់ឈរ ហើយមិនថា បច្ចុប្បន្ននេះ និងអនាគត ចិននៅតែជាដៃគូដែលអាចទុកចិត្តបានរបស់កម្ពុជា...។

«ប្រទេសចិន គឺជាប្រទេសដំបូងគេដែលផ្តល់ជំនួយដល់កម្ពុជា បន្ទាប់កាលពីមានជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ចិនក៏ជាប្រទេសដែលបានផ្តល់ជំនួយច្រើនជាងគេផងដែរ»។ នេះជាសាររបស់លោក វ៉ាង វិនពីន ឯកអគ្ករដ្ឋទូតចិនប្រចាំកម្ពុជា ដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកនៅព្រលប់ថ្ងៃទី២កញ្ញា ឆ្នាំ២០២៥។ សំខាន់ជាងនេះ លោកបានគូសរំលេចថា «ប្រទេសចិន ជាដៃគូដែលអាចទុកចិត្តបានរបស់កម្ពុជាទាំងកាលពីអតីតកាល ទាំងពេលបច្ចុប្បន្នកាល និងអនាគតកាល»។ ទោះជាមានរឿងអ្វីកើតឡើងក៏ដោយ លោក វ៉ាង វិនពីន មានជំនឿជាក់ថា ចំណងមិត្តភាពរវាងចិន និងកម្ពុជា នឹងត្រូវបានបន្តនិងអភិវឌ្ឍបន្ថែមទៀត។ 

លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា
លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា

ឯកអគ្គរដ្ឋទូតចិនរូបនេះ ក៏បានចូលរួមអបអរសាទរដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានចូលរួមដោយជោគជ័យក្នុងកិច្ចប្រជុំរបស់អង្គការសហប្រតិបត្តិការសៀងហៃ (បូក) ដោយលោកកត់សម្គាល់ឃើញថា សំឡេងរបស់ប្រទេសកម្ពុជាកាន់តែខ្លាំងឡើងៗនៅលើឆាកអន្តរជាតិ ហើយ។ «កម្ពុជា ស៊ូៗ» នេះជាសារផ្ដល់កម្លាំងចិត្តរបស់លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ជូនចំពោះថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និង លោក ស៊ី ជីនពីង ប្រធានាធិបតីចិន និងលោកជំទាវ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និង លោក ស៊ី ជីនពីង ប្រធានាធិបតីចិន និងលោកជំទាវ។

ជម្រាបថា ចិនជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនទៀត ដែលបានរួមចំណែកជួយអភិវឌ្ឍប្រទេសកម្ពុជា។ ចុងក្រោយនេះ មហាយក្សចិនដែលជាមិត្តដែកថែបរបស់កម្ពុជា ក៏បានប្រកាសផ្ដល់ជំនួយមនុស្សធម៌ចំនួន២០លានយ័ន ឬស្មើប្រមាណជិត៣លានដុល្លារអាម៉េរិកដល់កម្ពុជា ដើម្បីជួយសម្រួលទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះ ក្នុងជម្លោះព្រំដែនវាងកម្ពុជា-ថៃ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត