កំលុងពិធីកាន់បិណ្ឌ១ ដល់បិណ្ឌ៧ គ្រោះថ្នាក់ចរាចរណ៍ផ្ដាច់ជីវិតមនុស្សជាង៣០នាក់
S
Soriya Sou
16 កញ្ញា 2025 06:30 AM

រាជធានីភ្នំពេញ៖ ក្នុងរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ ពោលគឺគិតចាប់តាំងពីថ្ងៃបុណ្យកាន់បិណ្ឌទី១ ដល់បិណ្ឌទី៧ មានមនុស្ស៣៣នាក់ បានស្លាប់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា។ នេះបើតាមរបាយការណ៍បង្ហាញដោយលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា…។

រូបតំណាង
រូបតំណាង

លោក ទូច សុឃៈ បានឱ្យដឹងថា ចាប់ពីថ្ងៃទី៨-១៤កញ្ញា ករណីគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា បន្តកើតឡើងចំនួន៤៥ករណី បណ្ដាលឱ្យមនុស្ស៣៣នាក់ស្លាប់ និងមនុស្ស៥៤នាក់ រងរបួសធ្ងន់ស្រាល។ ក្នុងនោះ៖ ថ្ងៃទី៨កញ្ញា មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង៨ករណី បណ្ដាលឱ្យមនុស្សស្លាប់៦នាក់ របួស១១នាក់, ថ្ងៃទី៩កញ្ញា គ្រោះថ្នាក់ចរាចរណ៍កើតឡើង៧ករណី ស្លាប់៨នាក់ របួស៩នាក់, ថ្ងៃទី១០ គ្រោះថ្នាក់ចរាចរណ៍កើតឡើង៦ករណី ស្លាប់២នាក់ របួស១០នាក់, ថ្ងៃទី១១ គ្រោះថ្នាក់ចរាចរណ៍កើតឡើង៧ករណី ស្លាប់៦នាក់ របួស៩នាក់, ថ្ងៃទី១២ គ្រោះថ្នាក់ចរាចរណ៍កើតឡើង៧ករណី ស្លាប់២នាក់ របួស១០នាក់, ថ្ងៃទី១៣ គ្រោះថ្នាក់ចរាចរណ៍កើតឡើង៥ករណី ស្លាប់៥នាក់ របួស៤នាក់ និងថ្ងៃទី១៤កញ្ញា គ្រោះថ្នាក់ចរាចរណ៍កើតឡើង៥ករណី ស្លាប់៤នាក់ និងរបួស១នាក់។

លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ
លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ

ក្នុងរយៈពេលមួយសប្ដាហ៍ ក្នុងកំលុងពិធីបុណ្យកាន់បិណ្ឌនេះ រាជធានីភ្នំពេញ កើតមានករណីគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ។ បន្ទាប់មក រួមមាន៖ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ ព្រះសីហនុ កំពង់ឆ្នាំង បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប ព្រះវិហារ ក្រចេះ ស្ទឹងត្រែង ស្វាយរៀង និងខេត្តព្រៃវែង។ លោក ទូច សុឃៈ បានបង្ហាញក្ដីបារម្ភ និងមើលឃើញថា ចំនួនគ្រោះថ្នាក់នឹងបន្តហក់ឡើងទៀត។ ជាការកត់សម្គាល់ ករណីគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា បានកំពុងកើនឡើងវិញ ក្រោយលោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដាក់បទបញ្ជាផ្អាកអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកជាបណ្ដោះអាសន្ន ចាប់តាំងពីអំឡុងពេលនៃការប្រយុទ្ធទប់ទល់អំពើឈ្លានពានពីកងទ័ពថៃ។

លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ

ក្រោយសមត្ថកិច្ចផ្អាកអនុវត្តច្បាប់ចរាចរណ៍ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃរូបនេះ កត់សម្គាល់ឃើញថា ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ មួយចំនួនមានទម្លាប់មិនគោរពច្បាប់ស្រាប់មកហើយនោះ កាន់តែបង្ហាញឥរិយាបថនៃការបើកបរមិនគោរពច្បាប់ និងគ្មានរបៀបរៀបរយ ធ្វើឱ្យស្ថានភាពចរាចរណ៍មានភាពស្មុគស្មាញ គ្រោះថ្នាក់កើតឡើងកាន់តែច្រើន ឬនិយាយមួយបែបទៀត គឺពួកគាត់កាន់តែបានដៃ ដោយសារមន្ត្រីនគរបាលចរាចរណ៍មិនអនុវត្តច្បាប់។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យររូបនេះអះអាងទៀតថា ការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ត្រូវធ្វើឡើងនាពេលខាងមុខ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត