រាជធានីភ្នំពេញ៖ ក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំ២០២៥ ពោលគឺចាប់ពីខែមករា ដល់ខែមីនា ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា បានថយចុះប្រមាណ៣០ភាគរយ ឬស្មើចំនួន២៣៨លើក បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤…។

របាយការណ៍នេះ ត្រូវបានបង្ហាញក្នុងពេលរៀបចំទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៦ ក្រោមការចូលរួមពីលោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃចន្ទទី៩មិថុនា ឆ្នាំ២០២៥។ ថ្លែងក្នុងកម្មវិធីខាងលើ មន្រ្តីនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសមានសរុបចំនួន៥៤៣លើក។ ចំនួននេះថយចុះប្រមាណ៣០ភាគរយ ឬស្មើចំនួន២៣៨លើក បើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ដែលមានរហូតដល់ទៅ៧៨១លើក។

ចំពោះមូលហេតុបណ្ដាលឱ្យមានគ្រោះថ្នាក់ទាំង៥៤៣លើកវិញ រួមមាន៖ ការបើកបរលើសល្បឿនកំណត់៥១ភាគរយ, មិនគោរពសិទ្ធិ២១ភាគរយ ,មិនប្រកាន់ស្តាំ១០ភាគរយ, វ៉ាជែង៧ភាគរយ, ស្រវឹង៥ភាគរយ, និងមូលហេតុបន្ទាប់បន្សំមួយចំនួនទៀត។ សូមជម្រាបថា ការរៀបចំទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខាងលើធ្វើឡើង សំដៅលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ អំពីហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ និងបំផុសស្មារតីបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងពេលធ្វើដំណើរ និងគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកជាដើម៕

