រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម ព្យាករថា កម្ពុជានឹងបន្តមានភ្លៀងធ្លាក់ ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ ដោយសាររងសម្ពាធទាបកើតនៅសមុទ្ទចិនខាងត្បូង កំពុងមានឥទ្ធិពលលើសមុទ្ទអាន់ដាម៉ាន់ ឈូងសមុទ្ទថៃ អាងទន្លេមេគង្គ និងលើរបបខ្យល់មូសុងនិរតី..។

ក្រសួងបញ្ជាក់ថា យោងតាមការអង្កេត ពិនិត្យ និងវិភាគលើស្ថានភាពធាតុអាកាស និងអាកាសធាតុនៅក្នុងតំបន់ និងកម្ពុជា ក្នុងសប្តាហ៍នេះ ភ្លៀងនឹងបន្តធ្លាក់ដោយមានបរិមាណកើនឡើងពីបង្គួរទៅច្រើន លាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់ស្ទើរទូទាំងប្រទេស។ ក្នុងនោះ តំបន់វាលទំនាប មានសីតុណ្ហភាពមធ្យមអប្បបរមា ២៤អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៥អង្សាសេ។ ខេត្តកំពង់ធំ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ កណ្តាល សៀមរាប និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី៥៥ភាគរយ។

ដោយឡែក តំបន់ខ្ពង់រាប មានសីតុណ្ហភាពមធ្យមអប្បបរមា ២៣អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៦អង្សាសេ។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី៦០ភាគរយ។ រីឯ តំបន់មាត់សមុទ្ទ សីតុណ្ហភាពមធ្យមអប្បបរមា ២៣អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៥អង្សាសេ។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី៤០ភាគរយ។ រលកសមុទ្ទមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥ម៉ែត្រ។ ក្នុងពេលជាមួយគ្នា ស្ថានភាពទឹកទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ទឹកបាននិងកំពុងឡើង និងស្រកបន្តិចបន្តូច៕

