ទឹកលិចផ្លូវខ្លាំងជិតស្ពានអាកាសចោមចៅ អភិបាលរាជធានីភ្នំពេញ ដាក់ចេញវិធានការបន្ទាន់
អុន សម្ផស្ស
15 កញ្ញា 2025 03:30 AM

រាជធានីភ្នំពេញ៖ ស្របពេលភ្លៀងបន្តធ្លាក់ជាប់ៗគ្នា បង្កជាជំនន់ជនលិចផ្លូវមួយចំនួនក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាពិសេសកំណាត់ផ្លូវជាតិលេខ៤​ ចំណុចជិតស្ពានអាកាសចោមចៅ អភិបាល​រាជធានីភ្នំពេញ លោក ឃួង ស្រេង ចុះពិនិត្យស្ថានភាពទឹក និងដាក់ចេញវិធានការបន្ទាន់ទប់ស្កាត់…។

តាមរយៈដំណើរដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាពទឹកលិចលើផ្លូវជាតិលេខ៤​ ចំណុចជិតស្ពានអាកាសចោមចៅ និងស្ថានភាពប្រឡាយទឹកស្របផ្លូវរថភ្លើង ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូលរាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យទី១៤កញ្ញា ឆ្នាំ២០២៥ លោក ឃួង ស្រេង ណែនាំដល់មន្ទីរសាធារណការ សហការជាមួយរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងរដ្ឋបាលខណ្ឌកំបូល បិទទ្វារទឹកប្រឡាយស្របផ្លូវរថភ្លើង ជាបណ្ដោះអាសន្នសិន។

ការបិទទ្វារទឹកប្រឡាយស្របផ្លូវរថភ្លើងនេះ ដើម្បីឱ្យទឹកនៅលើផ្លូវលេខ៤ស្រក ងាយស្រួលធ្វើចរាចរ និងបិទទ្វារទឹកនៅផ្លូវជាតិលេខ៤ ដែលហូរចាក់ទៅសណ្តរស្ទឹងព្រែកត្នោត កុំឱ្យទឹកចាល់ចូលមកក្នុងរាជធានីភ្នំពេញវិញ។ ជាមួយគ្នានេះ លោកជំរុញដល់អាជ្ញាធរមូលដ្ឋាន ត្រៀមឧបករណ៍ និងសម្ភារ ដូចជា បាវខ្សាច់ សម្រាប់រៀបទប់ការពារទឹកហូរកាត់ផ្លូវ ត្រូវប្រើប្រាស់ម៉ាស៊ីនបូមទឹក ដើម្បីរំដោះទឹកដែលនៅជន់លិចដោយជំនន់ទឹកភ្លៀងប៉ុន្មានថ្ងៃមកនេះ។ មួយវិញទៀត អាជ្ញាធរតំបន់ ក៏ត្រូវសម្អាតផ្លូវ និងទីតាំងដែលត្រូវជនលិចនៅពេលទឹកស្រក់វិញឱ្យបានស្អាត ពោលគឺធ្វើយ៉ាងណាឱ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋបានប្រសើរឡើងវិញ។​

សូមជម្រាបថា ក្នុងអំឡុងពេលដែលក្រសួងធនធានទឹក និងឧតុនិយម អះអាងថា ស្ថានភាពអាកាសធាតុនៅកម្ពុជា មានភ្លៀងធ្លាក់ ផ្គររន្ទះ ខ្យល់កន្ត្រាក់គ្របដណ្ដប់ លើផ្ទៃដីទូទាំងប្រទេសប្រមាណជាង៤០ភាគរយ រហូតដល់ថ្ងៃទី១៧កញ្ញា នៅប៉ុន្មានថ្ងៃនេះ មានភ្លៀងធ្លាក់យ៉ាងជោគជាំស្ទើរគ្រប់កន្លែង បានបង្កឱ្យតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញជន់លិច។ កត្តាទាំងនេះធ្វើឱ្យរំហូរចរាចរណ៍ មានការកកស្ទះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត