សម្តេចធិបតីអនុម័តគម្រោងបញ្ចៀសទឹកកុំឱ្យបុកមកភ្នំពេញ និងដោះស្រាយប្រព័ន្ធរំដោះទឹកក្នុងទំហំថវិកាជាង៣០០លានដុល្លារ
K
Kimhuoy K.
11 មេសា 2024 04:00 AM

រាជធានីភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងទាក់ទងអំពីផែនការដោះស្រាយបញ្ហាទឹកលិចនៅតាមបណ្តាទីប្រជុំជនធំៗ និងក្នុងរាជធានីភ្នំពេញ ក្នុងឱកាសថ្លែងនៅក្នុងពិធីបិទ «សន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងធនធានទឹកនិងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ក្នុងក្របខណ្ឌទូទាំងប្រទេសប្រចាំឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តឆ្នាំ២០២៤» កាលពីរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤...។

ក្នុងពិធីបិទសន្និបាតនេះ សម្ដេចបានបញ្ជាក់ថា សម្ដេចបានអនុម័តលើគម្រោងក្នុងទំហំថវិកាជាង៣០០លានដុល្លារអាម៉េរិក ដោយផ្តោតលើពីរមុខព្រួញសំខាន់ៗ គឺ ទី១.ការបញ្ចៀសទឹកកុំឱ្យបុកមករាជធានីភ្នំពេញ និងទី២.ការដោះស្រាយប្រព័ន្ធរំដោះទឹកក្នុងរាជធានីភ្នំពេញដែលមានស្រាប់។ ចំពោះការដោះស្រាយប្រព័ន្ធរំដោះទឹកក្នុងរាជធានីដែលមានស្រាប់នេះ សម្តេចធិបតី ក៏បានគូសបញ្ជាក់អំពីស្ថាប័នទទួលខុសត្រូវ ដែលក្នុងនោះរួមមាន៖ ក្រសួងសាធារណការ និងដឹកជញ្ជូន មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ និងសាលារាជធានីភ្នំពេញ ផងដែរ។ លើសពីនេះ សម្តេចបានបន្ថែមទៀតថា កិច្ចការទាំងនេះ គឺផ្តោតទៅលើកត្តា៣ធំៗ រួមមាន៖ ១.ការរៀបចំកាយប្រឡាយរំដោះទឹក។ ២.ការរៀបចំស្តារប្រព័ន្ធលូ (ស្ថាបនាលូថ្មី និងលើកកម្រិតលូចាស់ៗ ដែលមានទំហំតូច) និង៣.ការរៀបចំបន្ថែមស្ថានីយបូមទឹក និងបង្កើនសមត្ថភាពស្ថានីយបូមទឹក នៅក្នុងរាជធានីភ្នំពេញ។ បច្ចុប្បន្ន ផែនការនេះ កំពុងចាប់ផ្តើមជាបណ្តើរៗ ហើយកំពុងតែសិក្សាលើការដោះស្រាយផលប៉ះពាល់។ 

គួររំលឹកផងដែរថា ជានិច្ចកាលពេលទឹកលិចរាជធានីម្ដងៗ ប្រជាពលរដ្ឋរមែងលើកឡើងពីបញ្ហាចាក់ដីលុបបំបាត់បឹង ដែលជាលេសរបស់ថ្នាក់ដឹកនាំក្រោមហេតុផលអភិវឌ្ឍន៍ ខណៈការអភិវឌ្ឍខ្លះ គឺមិនបានសិក្សាស្រាវជ្រាវពីបញ្ហាប្រឈមឱ្យបានជាក់លាក់ឡើយ។ ម្យ៉ាងវិញទៀត អាគារធំៗនៅរាជធានីភ្នំពេញ ភាគច្រើនពុំមាននូវអាងស្តុកទឹកក្រោមដី ដើម្បីចាំបង្ហូរទៅប្រឡាយរំដោះទឹកក្រោយភ្លៀងឡើយ ជាហេតុដែលបណ្ដាលឱ្យភ្លៀងខ្លាំងម្ដងៗ ភ្នំពេញលិចយ៉ាងដំណំ។ គិតត្រឹមពាក់កណ្ដាល ឆ្នាំ២០២៣ រាជធានីភ្នំពេញមានស្ថានីយបូមទឹកចំនួន១៤កន្លែង ក្នុងនោះរួមមាន៖ ស្ថានីយបូមទឹកបឹងត្របែក ស្ថានីយបូមទឹកបឹងទំពុន ស្ថានីយបូមទឹកលូប្រាំ ស្ថានីយបូមទឹកបុរី១០០ខ្នង ស្ថានីយបូមទឹកទូលសំពៅ ស្ថានីយបូមទឹកកប់ស្រូវ ស្ថានីយបូមទឹកស្វាយប៉ាក ស្ថានីយបូមទឹកព្រះពន្លា ស្ថានីយបូមទឹកទួលគោកទី១ ស្ថានីយបូមទឹកទួលគោកទី២ និងស្ថានីយ៤កន្លែងទៀតនៅមុខរាជវាំង និងព្រះគន្លង់

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត