
រាជធានីភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ សូមជ្រើសរើស និងស្វែងរកការងារធ្វើនៅក្នុងស្រុក កុំប្រថុយត្រឡប់ទៅធ្វើការដោយខុសច្បាប់នៅប្រទេសថៃ ប្រយ័ត្នជួបហានិភ័យ...។

លោក ស៊ុន មេសា បានលើកឡើងថា បច្ចុប្បន្ន កម្ពុជាកំពុងមានតម្រូវការកម្លាំងពលកម្មប្រមាណជិត១០ម៉ឺនកន្លែងដែលជាការងារនៅក្នុងស្រុក សម្រាប់ពលរដ្ឋកម្ពុជាគ្រប់រូបអាចចូលធ្វើការដែលទទួលបានប្រាក់ខែសមរម្យ និងអត្ថប្រយោជន៍ច្រើន។ ជាពិសេសវិស័យឧស្សាហកម្ម ដែលកំពុងផ្តល់ឱកាសដល់ពលរដ្ឋយើងដែលពេញកម្លាំង បើទោះបីជាមានបទពិសោធ ឬគ្មានបទពិសោធ។ ដូច្នេះ ប្រជាពលរដ្ឋដែលចង់បានការងារ សូមជ្រើសរើសឱកាសការងារក្នុងស្រុក ហើយអាចទាក់ទងទៅកាន់លេខទូរសព្ទ១២៩៧ ដើម្បីទទួលបានការងារភ្លាមៗ។ អ្នកនាំពាក្យរូបនេះ បានអំពាវនាវសាជាថ្មីម្ដង ដល់បងប្អូនប្រជាពលរដ្ឋ សូមកុំប្រថុយប្រថានធ្វើចំណាកស្រុកដោយខុសច្បាប់ទៅប្រទេសថៃ ព្រោះអាចជួបហានិភ័យដូចជា៖ ការរំលោភបំពានពីនិយោជក ការមិនផ្តល់អត្ថប្រយោជន៍ស្របតាមច្បាប់ ឬការចុះអធិការកិច្ចពីអាជ្ញាធរម្ចាស់ប្រទេសដែលនាំដល់ការចាប់ខ្លួន ខណៈប្រទេសទាំងពីរកម្ពុជា-ថៃ កំពុងបន្តមានអរិភាពតាមបន្ទាត់ព្រំដែន។

សូមជម្រាបថា ដើម្បីជួយផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋខ្មែរដែលត្រឡប់មកពីប្រទេសថៃ រាជរដ្ឋាភិបាល តាមរយៈក្រសួងការងារបានដាក់ចេញយុទ្ធនាការជាច្រើនដូចជា៖ ការដាក់មណ្ឌលសំចត ឬកន្លែងទទួលពលករនៅតាមច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃចំនួន៦កន្លែង, ការធ្វើវេទិកាការងារតាមភូមិស្រុកដោយនាំយករោងចក្រសហគ្រាសទៅជាមួយ, ការធ្វើវេទិកាការងារជាប្រចាំនៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងទីស្នាក់ការ ប.ស.ស. ទូទាំងប្រទេស និងការសម្របសម្រួលជាមួយរោងចក្រសហគ្រាស សម្រាប់ការចូលបំពេញការងាររបស់បងប្អូនប្រជាពលរដ្ឋខ្មែរ។

ក្រសួងការងារក៏បានរៀបចំប្រព័ន្ធ hotline ១២៩៧ សម្រាប់សម្រួលដល់ការស្វែងរកការងារធ្វើរបស់ពលរដ្ឋខ្មែរផងដែរ។ ជាការកត់សម្គាល់ ការអំពាវនាវរបស់អ្នកនាំពាក្យក្រសួងការងារ ធ្វើឡើងបន្ទាប់ពីថ្មីៗនេះ មានប្រជាពលរដ្ឋខ្មែរមួយចំនួនបានសម្រេចចិត្តឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ និងត្រូវបានអាជ្ញាធរស្ទាប់ឃាត់បានជាបន្តបន្ទាប់៕



