អាល្លឺម៉ង់ផ្តល់ឧបករណ៍បច្ចេកទេសដល់ក្រសួងការងារ ទុកប្រើស្វែងរកសញ្ញាណឧស្ម័នពុលតាមកន្លែងធ្វើការ
អុន សម្ផស្ស
27 សីហា 2025 09:45 AM

រាជធានីភ្នំពេញ៖ ទីភ្នាក់ងារអាល្លឺម៉ង់ សម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេស(GIZ) តាមរយៈគម្រោង GIZ FABRIC Cambodia បានប្រគល់​ឧបករណ៍​បច្ចេកទេស​ ៤៥គ្រឿងដល់ ក្រសួង​ការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈទុកឱ្យមន្ត្រីជំនាញអធិការកិច្ច​ ប្រើ​ប្រាស់ពេល​ចុះធ្វើអធិ​ការកិច្ច​ពាក់ព័ន្ធនឹងអនុលោមភាព នៃលក្ខខណ្ឌ​សុវត្ថិភាព និងសុខ​ភាព​ការ​ងារ​(OSH) នៅតាម​សហ​គ្រាស និងគ្រឹះស្ថាននានា…។

ឧបករណ៍បច្ចេកទេសដែលគម្រោង GIZ FABRIC Cambodia ប្រគល់មកកាន់ក្រសួងការងារនាពេលនេះរួមមាន៖ ឧបករណ៍កំណត់សញ្ញាណឧស្ម័នពុលក្នុងបរិយាកាស និងឧបករ​ណ៍​ចាប់យកសារធាតុគ្រោះថ្នាក់នៅក្នុងខ្យល់,ឧបករណ៍វាស់កម្រិតសំឡេង, ឧបករណ៍វាស់កម្រិតសំឡេងរំខាន, ឧបករណ៍វាស់កម្រិតពន្លឺ, ឧបករណ៍​វាស់​បរិយា​ការណ៍​កម្តៅ។ ពិធីប្រគល់ និងទទួលនេះ ធ្វើឡើងកាលពីថ្ងៃទី២៦សីហា នៅទីស្ដីការ​ក្រសួង ដោយ លោក សោម ចំណាន រដ្ឋលេ​ខាធិការ​ក្រសួង​ការងារ មន្ត្រី​អធិការកិច្ច​ផ្នែក​សុវត្ថិ​ភាព និងលោក Anwer Hasso នាយក​គម្រោង GIZ FABRIC Cambodia ព្រមទាំង​ក្រុមការងារ​សម្រប​សម្រួល​នៃ​គម្រោង។

ថ្លែងនាឱកាសនោះ លោក សោម ចំណាន បានវាយតម្លៃខ្ពស់ចំពោះគម្រោងGIZ FABRIC Cambodia ដែលបន្តកិច្ចស​ហប្រតិបត្តិការយ៉ាង​ជិតស្និទ្ធជា​មួយ​ក្រសួង​ការងារ ហើយទទួលបាននូវវឌ្ឍនភាព និងសមិទ្ធផលជាច្រើន សម្រាប់ការរួមចំណែក​ដល់ការ​ពង្រឹង​ប្រព័ន្ធ​អធិការកិច្ចការ​ងារនៅកម្ពុជា ឱ្យ​កាន់​តែមាន​សមត្ថ​ភាព តម្លាភាព ប្រសិទ្ធ​ភាព និង​ទទួលបាន​ការជឿជាក់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ លោកបន្ថែមថា ឧបករណ៍បច្ចេកទេសនេះ ពិតជាមានសារសំខាន់ និងចាំបាច់ ដើម្បី​ពង្រឹង​ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យការងារ ជាពិសេសការ​ធ្វើ​ឱ្យប្រសើរ​​ឡើងនូវ​អនុលោម​ភាពលក្ខ​ខណ្ឌ​សុវត្ថិភាព និងសុខភាព​ការងាររបស់បង​ប្អូនកម្មករ​និយោជិត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត