
រាជធានីបាងកក៖ គ្រោះរញ្ជួយដីកម្រិត ៣,៦រ៉ិចទ័របានវាយប្រហារភាគខាងជើងនៃកោះស៊ូម៉ាត្រានៅថ្ងៃសៅរ៍ទី១៣ ខែកញ្ញានេះ ខណៈទីតាំងរញ្ជួយនៅជិតខេត្តសាទុន(Satun) នៃប្រទេសថៃ និងបានធ្វើឱ្យរញ្ជួយនៅតំបន់ខ្លះផងដែរ។ យ៉ាងណា មិនមានរបាយការណ៍នៃការខូចខាតនៅក្នុងប្រទេសថៃទេ។

នៅព្រឹកព្រលឹមថ្ងៃទី១៣ ខែកញ្ញា នាយកដ្ឋានអង្កេតគ្រោះរញ្ជួយដីនៃនាយកដ្ឋានឧតុនិយមថៃបានរកឃើញគ្រោះរញ្ជួយដីកម្រិត ៣,៦រ៉ិចទ័របានវាយប្រហារនៅប្រទេសឥណ្ឌូណេស៊ី។ គ្រោះរញ្ជួយដីនេះបានវាយប្រហារក្នុងជម្រៅ ១០គីឡូម៉ែត្រ នៅចំកណ្តាលភាគខាងជើងនៃកោះស៊ូម៉ាត្រា ពោលគឺចម្ងាយប្រហែល ៣៦៧គីឡូម៉ែត្រ ភាគនិរតីនៃស្រុកមឿង ខេត្តសាទុន។ តំបន់ភាគខាងជើងប្រទេសថៃបានរងនូវការញ័ររញ្ជួយតិចតួច ដោយលើកទី១ មានកម្លាំង ១,៥រ៉ិចទ័រ នៅជម្រៅ ៣គីឡូម៉ែត្រ បានកើតឡើងនៅខេត្តម៉ែហុងសុន(Mae Hong Son)។ លើកទី២ នៅកម្រិត ២,៤រ៉ិចទ័រ មានជម្រៅ ១០គីឡូម៉ែត្រ បានកើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ បើតាមសេចក្តីរាយការណ៍ មិនមានការខូចខាតទ្រព្យសម្បត្តិ ឬអ្នករងរបួសនៅក្នុងប្រទេសថៃទេ៕



