
រដ្ឋធានីវ៉ាស៊ីនតោន៖ បុរសវ័យក្មេងម្នាក់នៅរដ្ឋយូតាហ៍ ដែលត្រូវបានគេសង្ស័យថាបានបាញ់ទម្លុះបំពង់-ក ផ្តាច់ជីវិតសកម្មជនអភិរក្សនិយមលោក ឆាលី ឃឺក ដែលជាមនុស្សជំនិតរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវបានចាប់ខ្លួន ខណៈមេដឹកនាំសហរដ្ឋអាម៉េរិកបានប្រតិកម្មជាមួយនឹងភាពសោកសៅ និងការខកចិត្តចំពោះការផ្ទុះឡើងនៃអំពើឃាតកម្មពាក់ព័ន្ធនឹងនយោបាយ។

អភិបាលរដ្ឋយូតាហ៍ លោក ស្ពេនសឺ ខុក (Spencer Cox) បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រទី១២ ខែកញ្ញាថា «ពួកយើងចាប់ជនសង្ស័យបានហើយ»។ ចំណែកឯ នាយកការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) លោក កាសហ៍ ប៉ាតែល (Kash Patel) បានប្រាប់អ្នកយកព័ត៌មានដែរថា ជនសង្ស័យមានឈ្មោះ ថាយឡឺ រ៉ូប៊ីនស៊ុន (Tyler Robinson) អាយុ ២២ឆ្នាំ ត្រូវបានចាប់ខ្លួននៅយប់ថ្ងៃព្រហស្បតិ៍ទី១១ ខែកញ្ញា ពោលគឺប្រហែល ៣៣ម៉ោងបន្ទាប់ពីការបាញ់ប្រហារ។

មែនទែនទៅ ជនសង្ស័យ រ៉ូប៊ីនសុន ត្រូវបានចាប់ខ្លួន បន្ទាប់ពីលោកបានសារភាពប្រាប់សាច់ញាតិ និងមិត្តភ័ក្ដិក្រុមគ្រួសាររបស់លោក ហើយក្រោយមកពួកគេបានជូនដំណឹងដល់ការិយាល័យតម្រួតក្នុងតំបន់ចំពោះការប្រព្រឹត្តិឃាតកម្មនេះ។ នេះបើតាមសម្តីអភិបាលរដ្ឋយូតាហ៍។ អភិបាលរដ្ឋរូបនេះបានបន្តអះអាងថា ៖«ខ្ញុំចង់អរគុណសមាជិកគ្រួសាររបស់ជនសង្ស័យ ថាយឡឺ រ៉ូប៊ីនសុន ដែលបានធ្វើរឿងត្រឹមត្រូវក្នុងករណីនេះ ហើយលោក[រ៉ូប៊ីនស៊ុន] ចូលខ្លួនប្រឈមមុខចំពោះផ្លូវច្បាប់[...]»។ គួរជម្រាបថា លោក ឃឺក មានអាយុ ៣១ឆ្នាំ ដែលមនុស្សជំនិតរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ជុំវិញការជួយបង្កើតការគាំទ្រ និងជួយច្បាមយកសន្លឹកឆ្នោតសម្រាប់គណបក្សសាធារណរដ្ឋ៕



