ក្រុមហ៊ុនបរទេសធំមួយគ្រោងបណ្តាក់វិនិយោគនៅកម្ពុជា លើវិស័យឧស្សាហកម្មស្វាយចន្ទី
S
Sreyleak Yith
09 មេសា 2025 07:30 AM

រាជធានីភ្នំពេញ៖​ លោក​ ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា​ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី៨មេសា បានពិភាក្សាការងារជាមួយគណៈប្រតិភូនៃក្រុមហ៊ុន Sinomach Hainan Development Co., Ltd. ក្នុងគម្រោងបណ្តាក់ទុនវិនិយោគ លើវិស័យឧស្សាហកម្មស្វាយចន្ទីនៅកម្ពុជា…។

លោក​ ជា វុទ្ធី គូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញការអភិវឌ្ឍឧស្សាហកម្មស្វាយចន្ទី ដោយគ្រោងបង្កើតតំបន់កសិឧស្សាហកម្មស្វាយចន្ទីនៅតាមបណ្តាខេត្តមួយចំនួន។ តំបន់កសិឧស្សាហកម្មស្វាយចន្ទី នឹងទទួលបានការលើកទឹកចិត្តទាំងផ្នែកសារពើពន្ធ និងមិនមែនសារពើពន្ធដូចមានចែងក្នុងច្បាប់វិនិយោគ ក៏ដូចជាការលើកទឹកចិត្ត និងអត្ថប្រយោជន៍ពិសេសផ្សេងទៀត។ ទន្ទឹមនឹងនេះ​ ​តំណាងគណៈប្រតិភូក៏បានថ្លែងអំណរគុណដល់លោកអគ្គលេខាធិការ ដែលបានផ្តល់នូវព័ត៌មានលម្អិតនៃវិស័យឧស្សាហកម្មស្វាយចន្ទីនៅកម្ពុជា ដែលក្រុមហ៊ុនមានចំណាប់អារម្មណ៍បណ្តាក់ទុនវិនិយោគ​ និងធ្វើការគិតគូរឱ្យបានឆាប់រហ័សលើគម្រោងវិនិយោគនៃវិស័យឧស្សាហកម្មស្វាយចន្ទី។

លោក​ ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
លោក​ ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

សូមជម្រាបថា ក្រុមហ៊ុន Sinomach Hainan ជាក្រុមហ៊ុនធំមួយមានទីតាំងនៅប្រទេសចិន។ ក្រុមហ៊ុន មានមុខសញ្ញាអាជីវកម្មក្នុងវិស័យជាច្រើនដូចជា៖​ ការនាំចេញ-ចូលផលិតផលកសិកម្ម នេសាទ វិស្វកម្ម ថាមពល និងប្រព័ន្ធឌីជីថល។ គួររំឭកថា រយៈពេល៣ខែដើមឆ្នាំ​២០២៥​​នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា​ CDC អនុម័តគម្រោងវិនិយោគបានចំនួន១៧២ ក្នុងទុនវិនិយោគសរុបប្រមាណ២,៥ពាន់លានដុល្លារអាម៉េរិក ក្នុងនោះ​ប្រទេសចិនឈរលំដាប់លេខរៀងទី១នៃការមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា៕  

គណៈប្រតិភូនៃក្រុមហ៊ុន Sinomach Hainan   
គណៈប្រតិភូនៃក្រុមហ៊ុន Sinomach Hainan   
រូបភាពឯកសារ
រូបភាពឯកសារ




អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត