
រាជធានីភ្នំពេញ៖ បន្ទាប់ពីមានការផ្សាយថា រាជរដ្ឋាភិបាលមិនយកចិត្តទុកដាក់លើបញ្ហាសុខភាព និងជំងឺរបស់កងទ័ពជួរមុខ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ នៅល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ បានចេញមកច្រានចោល ដោយបានអះអាងថា ជាព័ត៌មានមិនពិត...។

មិនមែនជាព័ត៌មានពិត ព្រោះរាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ ក្រសួងសុខាភិបាល អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋាន អង្គភាពជួរមុខទាំងអស់ តែងតែបានយកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំសុខភាព និងព្យាបាលជំងឺជាប់ជាប្រចាំជូនកងទ័ពជួរមុខ។ មួយវិញទៀត អង្គភាពសុខាភិបាលរបស់ក្រសួងការពារជាតិ ក្រសួងសុខាភិបាល អគ្គបញ្ជាការដ្ឋាន និង បញ្ជាការដ្ឋានអង្គភាពជួរមុខ បាននិងកំពុងពិនិត្យព្យាបាលជំងឺជូនកងទ័ពជួរមុខជាប់ជាប្រចាំ ទាំងមុនពេល អំឡុងពេល និងក្រោយពេលប្រយុទ្ធ។ នេះបើតាមការបញ្ជាក់របស់អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ តាមរយៈលិខិតបំភ្លឺ ចុះថ្ងៃទី១១កញ្ញា។

ដោយឡែក ចំពោះស្ថានភាពជំងឺរបស់យោធិន ដែលតម្រូវឱ្យមានការព្យាបាលកម្រិតស្រាល អ្នកជំងឺត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យយោធារបស់អង្គភាពជួរមុខ ខណៈការព្យាបាលកម្រិតមធ្យម អ្នកជំងឺត្រូវបានបញ្ជូនទៅមន្ទីរពេទ្យរដ្ឋ ថ្នាក់ស្រុក និងខេត្ត។ ចំណែក ការព្យាបាលកម្រិតធ្ងន់ អ្នកជំងឺត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរដ្ឋ នៅរាជធានីភ្នំពេញ។ លើសពីនេះទៅទៀត ចាប់តាំងពីមុនពេលប្រយុទ្ធ រហូតដល់បច្ចុប្បន្ន ក្រុមគ្រូពេទ្យត្រូវបានបញ្ជូនទៅប្រចាំការជាប់ជាប្រចាំនៅតាមទិសសមរភូមិមុខ ថែមទាំងមានសម្ភារៈ គ្រឿងបំពាក់សុខាភិបាល និងថ្នាំពេទ្យឆ្លើយតបតាមតម្រូវការផងដែរ។ នេះបើតាមការអះអាងរបស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ៕




