
រាជធានីភ្នំពេញ៖ ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យជាតិដែលមានឯកទេសផ្សេងៗពីគ្នា ត្រូវបានបញ្ជូនទៅពិនិត្យ និងព្យាបាលដល់វីរកងទ័ព និងបងប្អូនប្រជាពលរដ្ឋបន្ថែមទៀតនៅតាមខេត្តជាប់ព្រំដែនចំនួន៣ គឺខេត្តព្រះវិហារ ឧត្ដរមានជ័យ និងសៀមរាប…។

ក្រសួងសុខាភិបាល នៅថ្ងៃទី៥សីហានេះបានឱ្យដឹងថា បន្ទាប់ពីបានទទួលការណែនាំពី លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល ឈាង រ៉ា, លោក លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានដឹកនាំក្រុមគ្រូពេទ្យឯកទេសជំងឺត្រចៀក, ច្រមុះ, បំពង់ក, និងឯកទេសជំងឺភ្នែក នៃមន្ទីរពេទ្យព្រះអង្គឌួង ចុះទៅពិនិត្យសុខភាពដល់កងទ័ព និងបងប្អូនប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាល នៅមណ្ឌលសុខភាពគូលែន, មន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ ខេត្តសៀមរាប និងខេត្តព្រះវិហារ លើបញ្ហាត្រចៀក និងភ្នែក។ ក្នុងថ្ងៃជាមួយគ្នា នាយកមន្ទីរពេទ្យកុមារជាតិ លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស ក៏បានបញ្ជូនក្រុមគ្រូពេទ្យឯកទេសផ្នែកវះកាត់, ផ្នែកថ្នាំសណ្តំ, ផ្នែក ICU និងសង្រ្គោះបន្ទាន់, ផ្នែកជំងឺគ្រុនឈាម, និងជំងឺទូទៅកុមារ នៃមន្ទីរពេទ្យកុមារជាតិសរុបចំនួន១៣នាក់ ចុះទៅពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ និងវីរកងទ័ពរងរបួស ជាពិសេសកុមារ ដែលកំពុងសម្រាកព្យាបាលមន្ទីរពេទ្យបង្អែកខេត្ត១៦មករា ក្នុងខេត្តព្រះវិហារផងដែរ។

ការសហការជួយគាំទ្រក្នុងការពិនិត្យព្យាបាលដល់វីរកងទ័ព និងបងប្អូនប្រជាពលរដ្ឋ ដែលបាននិងកំពុងសម្រាកព្យាបាលនៅមូលដ្ឋានសុខាភិបាលនៅខេត្តជាប់ព្រំដែន ដែលរងគ្រោះព្រោះការឈ្លានពានរបស់កងទ័ពថៃ មិនមែនមានតែមន្ទីរពេទ្យព្រះអង្គឌួង និងមន្ទីរពេទ្យកុមារជាតិទេ តែក៏មានការចូលរួមពីមន្ទីរជាតិផ្សេងទៀតរួមមាន៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត, មន្ទីរពេទ្យកម្ពុជា-ចិន ព្រះកុសុមៈ, មន្ទីរពេទ្យជាតិ តេជោសន្តិភាព ជាដើម។

លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល បានកោតសរសើរដល់ថ្នាក់ដឹកនាំ មន្រ្តីសុខាភិបាល និងបុគ្គលិកសុខាភិបាលគ្រប់ថ្នាក់ ដែលបានចូលរួមយ៉ាងសកម្មក្នុងស្មារតីរួបរួមសាមគ្គីភាព ជួយគាំទ្រគ្នាដោយស្វ័យប្រវត្តិទាំងជំនាញបច្ចេកទេសវះកាត់ ថែទាំព្យាបាល ការលើកកម្ពស់ទឹកចិត្តស្មារតី ដោយមានការចុះជួយគ្នាពីមន្ទីរពេទ្យជាតិទាំងអស់ សាកលវិទ្យាល័យជាតិ និងបណ្តាខេត្តទាំងអស់ ចូលរួមបេសកកម្មសុខាភិបាលនាគ្រាអាសន្នចាំបាច់បំផុត ក្នុងនាមជាកងទ័ពអាវស។ សូមបន្តសកម្មភាព វប្បធម៌ដ៏ល្អប្រពៃបែបនេះតទៅទៀតច្រើនជំនាន់៕







