
រាជធានីភ្នំពេញ៖ លោកឧត្តសេនីយ៍ត្រី ឈាវ មុន្និន ត្រូវបានដកចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ។ នេះបើយោងតាមព្រះរាជក្រឹត្យ ចេញនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ តាមសំណើរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។ ការដកលោកផ្កាយ១វ័យក្មេង ឈាវ មុន្និន ចេញពីក្របខ័ណ្ឌ កើតឡើងបន្ទាប់ពីលោកបានបង្ហោះវីដេអូមួយចំនួនលើបណ្តាញសង្គមកម្សាន្តតិចតុក។

ក្នុងវីដេអូ១ លោក ឈាវ មុន្និត បានដាក់លុយដុល្លារជាដុំៗលើតុផង និងពង្រាយខ្លះផង ស្ទើរតែពេញតុ ហើយធ្វើជារាប់លុយទាំងនោះឱ្យគេមើល។ ធ្វើជារាប់លុយបានបន្តិច លោកក៏ក្រោកដើរចុះដើរឡើងបែបហ៊ឺហា ឬបែបអ្នកមានលុយ។ ក្នុងវីដេអូផ្សេងទៀត លោកបានរាំ និងធ្វើកាយវិការទៅតាមបទចម្រៀង។

ក្រោយផ្ទុះវីដេអូទាំងនោះខ្លាំង ហើយក៏ផ្ទុះការរិះគន់គន់ផងនោះ ក្រសួងការពារជាតិក្នុងនាមជាអាណាព្យាបាលរបស់កងទ័ព ក៏ចេញសេចក្តីប្រកាសព័ត៌មានជាសាធារណៈ ដោយចាត់ទុកទង្វើរបស់លោក ឈាវ មុន្និន ថាធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទទាំងមូល។ សេចក្តីប្រកាសព័ត៌មានចេញនៅថ្ងៃទី១ ខែមេសា បញ្ជាក់ថា លោកឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្តីក្រសួងការពារជាតិ បានចេញបញ្ជាឱ្យបង្កើតក្រុមការងារ ដើម្បីពិនិត្យមើលរាល់ទង្វើដែលលោកផ្កាយ១ ឈាវ មុន្និន បានប្រព្រឹត្តខុសឆ្គង ហើយដាក់ទណ្ឌកម្មឱ្យស្របទៅនឹងច្បាប់យោធិន។ ទីបំផុតលោកផ្កាយ១វ័យក្មេងរូបនេះ ក៏រងចំណាត់ការពិតមែន៕



