
រាជធានីភ្នំពេញ៖ គ្មានផ្លូវរត់គេចបានឡើយ ពីព្រោះនៅជុំវិញផ្ទះថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់មួយចំនួននៃប្រទេសនេប៉ាល់ ត្រូវហ៊ុមព័ទ្ធជិតឈឹងដោយក្រុមបាតុករសុទ្ធសឹងជាយុវជនវ័យក្មេង ដែលហៅថា ក្រុមបាតុករ Gen Z ហើយក្នុងដៃពួកគេ សុទ្ធសឹងតែដំបង និងរបស់ដែលអាចដុតបាន ដូច្នេះ ជម្រើសចុងក្រោយ ក្រុមគ្រួសារមេដឹកនាំ និងមន្រ្តីជាន់ខ្ពស់ទាំងនោះ ត្រូវហៅឧទ្ធម្ភាគចក្រ ទៅជួយសង្គ្រាះ។ ពួកគេ អាចមានឱកាសរត់គេចផុត តែក៏វេទនាមិនស្ទើរដែរ ដោយពួកគេ ត្រូវប្រថុយជីវិតតោងខ្សែឧទ្ធម្ភាគចក្រ។

ក្រុមគ្រួសារមេដឹកនាំទាំងនោះ មិនមែនបានរត់ចូលឧទ្ធម្ភាគចក្រឡើយ។ តាមរយៈវីដេអូ ពួកគេ បានត្រឹមតោងខ្សែដែលចងភ្ជាប់ពីឧទ្ធម្ភាគចក្រ ដែលត្រូវអ្នកនៅលើឧទ្ធម្ភាគចក្រនោះ ទម្លាក់ឱ្យតោង។ ពេលឧទ្ធម្ភាគចក្រ ហោះចេញទៅ គេឃើញក្រុមគ្រួសារមេដឹកនាំទាំងនោះ តោងខ្សែពីឧទ្ធម្ភាគចក្រដោយយោលទៅយោលមកឡើងប្រហោងពោះ។ ក្រុមគ្រួសារមេដឹកនាំផ្សេងទៀត ក៏ជួបភាពទាន់ហន់ដូច្នេះដែរ ដោយឧទ្ធម្ភាគចក្រ បានទម្លាក់ចុះកន្ត្រក់ចងភ្ជាប់នឹងខ្សែពីឧទ្ធម្ភាគចក្រ ហើយក្រុមគ្រួសារមេដឹកនាំទាំងនោះ ក៏នាំគ្នារត់ឡើងទៅអង្គុយលើកន្ត្រក់នោះ រួចឧទ្ធម្ភាគចក្រក៏ហោះចេញទៅ។ កន្ត្រក់ដែលទម្លាក់ចុះពីឧទ្ធម្ភាគចក្រនោះ មិនមានអ្វីព័ទ្ធជុំវិញដូចកន្ត្រក់ទូទៅឡើយ ពោលគឺ គ្រាន់តែជាដុំ ឬជាអ្វីម្យ៉ាងដែលពួកគេអាចអង្គុយពីលើបាន ហើយតោងខ្សែដែលចងភ្ជាប់ពីឧទ្ធម្ភាគចក្រ។

ងាកទៅមើលប្រធានាធិបតីម្តង! សូម្បីប្រធានាធិបតី ជាប្រមុខរដ្ឋ ជាមនុស្សខ្ពង់ខ្ពស់ជាងគេបំផុតក្នុងប្រទេស (ប្រៀបដូចជាមហាក្សត្រ បើប្រទេសនោះជារាជានិមយ) ក៏មិនរួចខ្លួនដែរ។ ក្រុមបាតុករនេប៉ាល់ ដោយមានដំបងក្នុងដៃ បាននាំគ្នាសម្រុកចូលក្នុងភូមិគ្រឹះប្រធានាធិបតីរបស់ខ្លួន គឺលោក រ៉ាំ ចន្ទត្រា ផលដេល (Ram Chandra Paudel) ហើយបានវាយកម្ទេចចោលរបស់របរស្ទើរគ្រប់បែបយ៉ាងក្នុងភូមិគ្រឹះលោកប្រធានាធិបតី។ ពេលក្រុមបាតុករទៅដល់ គេមិនឃើញលោកប្រធានាធិបតីនៅក្នុងភូមិគ្រឹះឡើយ។

សូមបញ្ជាក់ថា មហាបាតុកម្មនៅនេប៉ាល់ បានផ្ទុះឡើងតាំងពីថ្ងៃទី៨ ខែកញ្ញាមក ហើយរហូតមកដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ នៅមិនទាន់ស្ងប់រម្ងាប់នោះទេ។ មិនត្រឹមតែមិនស្ងប់រម្ងាប់ឡើយ គឺរឹតតែខ្លាំងឡើងៗថែមទៀត។ តាមសារព័ត៌មានអន្តរជាតិធំៗនានាចុះផ្សាយ ក្នុងការធ្វើមហាបាតុកម្មហិង្សានេះ មានក្រុមបាតុករប្រមាណ២០នាក់ ឬលើស២០នាក់ហើយ ដែលត្រូវបាត់បង់ជីវិត។

មូលហេតុធំបំផុតដែលនាំឱ្យផ្ទុះមហាបាតុកកម្មពាសពេញរដ្ឋកដ្ឋមណ្ឌល និងរាលដាលទៅកន្លែងដទៃទៀតយ៉ាងដូច្នេះ គឺដោយសារក្រុមបាតុករ មើលឃើញការប្រព្រឹត្តអំពើពុករលួយដល់ឆ្អឹងក្នុងជួររដ្ឋាភិបាលខ្លួន។ អ្វីដែលកាន់តែដុតកំហឹងក្រុមបាតុករមួយកម្រិតទៀតនោះ គឺស្របពេលដែលពួកគេកំពុងមើលឃើញអំពើពុករលួយហើយ ស្រាប់តែរដ្ឋាភិបាលប្រកាសបិទបណ្តាញសង្គមមួយចំនួនថែមទៀតដែលប្រជាជននេប៉ាល់និមយប្រើ ដូចជា ហ្វេសប៊ុក (Facebook) អ៊ិនស្តាក្រាម (Instgram) អ៊ិច (X) យូធូប (Youtube) និងវ៉ាត់ស្អាប់ (WhatsApp) ជាដើម។

ផ្ទះរបស់មេដឹកនាំ រាប់ទាំងផ្ទះរដ្ឋមន្រ្តីមួយចំនួនផង ពោរពេញដោយអណ្តាតភ្លើង។ ឡានទំនើបៗ និងទ្រព្យសម្បត្តិផ្សេងៗរបស់ពួកគេ ត្រូវភ្លើងត្របាក់យកខ្ទេច។ ចំណែកនៅជុំវិញខាងក្រៅបរវេណរដ្ឋសភាឯណោះវិញ ក៏ត្រូវក្រុមបាតុករដុតដែរ។ ក្នុងចំណោមអគារដែលត្រូវក្រុមបាតុករដុត អគារឈ្មោះ សិង្ហា ឌូបា (Singha Durbar) បានធ្វើឱ្យគេភ្ញាក់ផ្អើលជាងគេ នៅពេលឃើញអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅផុសចេញពីអគារនេះ ពីព្រោះអគារនេះ ជាវិមានរដ្ឋាភិបាលផង និងជាទីតាំងប្រវត្តិសាស្រ្តផង ដែលមានអាយុកាល១១៧ឆ្នាំមកហើយ។

ដោយមិនអាចទប់ទល់នឹងក្រុមបាតុករបាន លោកនាយករដ្ឋមន្រ្តី ហ្សាម៉ា អូលី (Sharma Oli) ក៏បានប្រកាសលាលែងពីតំណែង។ ប៉ុន្តែ ទោះជាលាលែងពីតំណែងក្តី ក៏ក្រុមបាតុករមិនលើកលែងឱ្យដែរ ដោយលើកគ្នាទៅរករឿងលោក ហ្សាម៉ា អូលី ដល់ផ្ទះដូចគ្នា ហើយលោកក៏រត់គេចចេញបាត់។ តាមរយៈវីដេអូផ្សេងៗ គេថែមទាំងឃើញក្រុមបាតុករដេញតាមចាប់ក្រុមមន្រ្តីមួយចំនួនទៀតផង ដោយមានការអះអាងថា ជាមន្រ្តីពុករលួយ៕



