រាជធានីភ្នំពេញ៖ ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងជាប្រមុខរដ្ឋស្តីទី កំលុងពេលអង្គព្រះមហាក្សត្រអវត្តមានក្នុងប្រទេស កាលពីយប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ បានឆ្លើយតបទៅកាន់អ្នកលេងហ្វេសប៊ុកម្នាក់ ដែលបានលើកឡើងពីទុក្ខលំបាកពលរដ្ឋមួយចំនួននៅឃុំអូរបីជាន់ ក្រោយថៃរាយបន្លាលួសព័ន្ធយកដី និងផ្ទះ។ សម្តេចតេជោ ពន្យល់ថា អាជ្ញាធរតំបន់រកវិធីដោះស្រាយជូនពលរដ្ឋ ដោយខិតខំបញ្ចៀសកុំឱ្យសង្គ្រាមកើតឡើងវិញ...។

តបទៅនឹងខមិនក្នុងហ្វេសប៊ុក ដែលសរសេរថា ប្រជាពលរដ្ឋកំពុងតែពិបាកចិត្តដែលគ្មានទីលំនៅជ្រកកោន កំពុងរង់ចាំរាជរដ្ឋាភិបាលដោះស្រាយ តែឥឡូវពួកគាត់មិនទាន់ឃើញមានយន្តការណ៍ដោះស្រាយ សម្តេចតេជោ ហ៊ុន សែន ប្រាប់ឱ្យម្ចាស់គណីហ្វេសប៊ុកនោះ មើលឱ្យទូលាយបន្តិចព្រោះករណីថៃរាយបន្លាលួសព័ន្ធផ្ទះពលរដ្ឋ មិនមែនជម្លោះព្រំដី រវាងប្រជាជន និងប្រជាជន តែជាជម្លោះរវាងប្រទេសនិងប្រទេស ដែលត្រូវការយន្តការដោះស្រាយកម្រិតខ្ពស់។ សម្តេចគូសរំលេចថា៖«[..]សម្រាប់យន្តការដោះស្រាយនៅហ្នឹងកន្លែង អាជ្ញាធរមូលដ្ឋាន និងកម្លាំងប្រដាប់អាវុធរកវិធីជួយដល់ប្រជាជនតែខិតខំបញ្ចៀសកុំឱ្យកើតសង្រ្គាមឡើងវិញ ដែលនាំទៅដល់ការបាត់បង់ជីវិតទាំងសងខាង[..]»។

គួរជ្រាបថា បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានពលរដ្ឋមួយចំនួនយកជជែកក្នុងបណ្ដាញសង្គម លើប្រធានបទមួយចំនួនបង្កើតជាភាពស្រពិចស្រពិល រហូតមានបុគ្គលខ្លះយកទៅធ្វើអាជីវកម្ម ដើម្បីកេងចំណេញនយោបាយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី៩កញ្ញា ក៏បានបង្ហោះសារជម្រះមន្ទិលមួយចំនួន ទាក់ទងនឹងការងាររបស់រាជរដ្ឋាភិបាល លើដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃនេះផងដែរ។ ក្នុងពេលជាមួយគ្នានេះ មេដឹកនាំកម្ពុជា ក៏អំពាវនាវដល់សាធារណជន ជឿទុកចិត្តលើរាជរដ្ឋាភិបាល ដែលកំពុងធ្វើកិច្ចការងារយ៉ាងសកម្ម ក្នុងការស្វែងរកដំណោះស្រាយបញ្ចប់បញ្ហាឱ្យបានឆាប់រហ័ស ដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជន បើទោះជាកិច្ចការជាច្រើនមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈ ដែលមើលទៅហាក់ដូចជាមានភាពស្ងាត់ស្ងៀមពេកក៏ដោយ៕

