សមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ប្រធានាធិបតីឥណ្ឌូណេស៊ី សរសើរសម្តេចតេជោ ជាថ្នាក់ដឹកនាំល្បីល្បាញអស្ចារ្យ
S
Sreyleak Yith
16 កក្កដា 2025 08:15 AM

រាជធានីភ្នំពេញ៖ លោកសាស្ត្រាចារ្យ Dato Sri Prof. Dr. Tahir សមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់របស់ប្រធានាធិបតីឥណ្ឌូណេស៊ី និងជាស្ថាបនិកក្រុមហ៊ុន Mayapada Group បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា គឺជាថ្នាក់ដឹកនាំដ៏ល្បីល្បាញអស្ចារ្យមួយរូប និងបានស្តារកសាងកម្ពុជារក្សាសន្តិភាព ស្ថិរភាពនយោបាយ និងធ្វើឱ្យកម្ពុជាមានកំណើនសេដ្ឋកិច្ចលេចធ្លោជាង២០ឆ្នាំមកនេះ…។

លោកសាស្រ្តាចារ្យ Dato Sri Prof. Dr. Tahir 
លោកសាស្រ្តាចារ្យ Dato Sri Prof. Dr. Tahir 

លោកសាស្ត្រាចារ្យថ្លែងបែបនេះ ក្នុងឱកាសចូលជួប សម្តេចតេជោ ហ៊ុន សែន នៅវិមានព្រឹទ្ធសភា នាថ្ងៃទី១៦កក្កដា ឆ្នាំ២០២៥។ លោកសាស្ត្រាចារ្យ គូសបញ្ជាក់ប្រាប់ សម្តេចតេជោ ពីគោលបំណង និងសកម្មភាពការងារនានារបស់លោក រួមចំណែកធ្វើឱ្យជីវភាពប្រជាពលរដ្ឋកម្ពុជាមានលក្ខណៈល្អប្រសើរឡើង ដូចដែលបានធ្វើនៅឥណ្ឌូណេស៊ី និងបណ្តាប្រទេសមួយចំនួនដែរ។ ជាមួយគ្នា សម្តេចតេជោ មានប្រសាសន៍ថា សម្តេច បានសម្រេចក្រាបបង្គំទូលស្នើសុំព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការតែងតាំង លោកសាស្ត្រាចារ្យជាទីប្រឹក្សារបស់សម្តេច។ សម្តេចរំពឹងទុកថា លោកសាស្ត្រាចារ្យ នឹងរួមចំណែកក្នុងការកសាងអភិវឌ្ឍកម្ពុជា ក៏ដូចជាការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូណេស៊ីផងដែរ។ 

សម្តេចតេជោ បានចែករំលែកទស្សនរបស់សម្តេច បន្ទាប់ពីការអនុវត្តដោយជោគជ័យនូវនយោបាយឈ្នះឈ្នះ នោះគឺ ការប្រែក្លាយតំបន់អតីតសមរភូមិទៅជាតំបន់អភិវឌ្ឍន៍ និងការប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាងទៅជាតំបន់ព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ប៉ុន្តែសម្តេចបានសម្ដែងនូវការសោកស្ដាយ ចំពោះបញ្ហាកើតឡើងជាមួយប្រទេសថៃ ដោយសារការធ្វើសកម្មភាពឯកតោភាគីរបស់ថៃ តាំងពីការប្រើប្រាស់ផែនទី និងការបិទច្រកព្រំដែន៕  

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត