សម្តេចតេជោ លុបចោលជំនួបទាំងអស់ក្រោយពិនិត្យឃើញវិជ្ជមានកូវីដ-១៩សាជាថ្មី
អុន សម្ផស្ស
មួយឆ្នាំមុន

រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្រេចលុបចោលរាល់ដំណើរចូលរួមកិច្ចប្រជុំ និងជំនួបនានា រួមទាំងការចូលគាល់ព្រះមហាក្សត្រ ក្រោយពិនិត្យសុខភាពរកឃើញមានកើតជំងឺកូវីដ-១៩ ជាថ្មីម្ដងទៀត។ នេះបើតាមសារអត្ថាធិប្បាយលើគណនីហ្វេសប៊ុកផ្លូវការរបស់សម្តេច កាលពីយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥..។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា៖«ដើម្បីចៀសវាងការភាន់ច្រឡំពីការអវត្តមានរបស់ខ្ញុំក្នុងអង្គប្រជុំពេញអង្គព្រឹទ្ធសភានាថ្ងៃស្អែក[២៦កុម្ភៈ] និងការលុបចោលកម្មវិធីជួបភ្ញៀវមួយចំនួន ពិសេសការចូលគាល់ព្រះមហាក្សត្រនាព្រឹកថ្ងៃទី២៨កុម្ភៈ ២០២៥ ខាងមុខ។ ខ្ញុំសូមជម្រាបថា ពេលនេះខ្ញុំមានកូវីដ-១៩ហើយបន្ទាប់ពីក្អក ហៀរសំបោរមួយយប់មួយថ្ងៃកន្លងមកនេះ»។ ក្រៅតែបញ្ជាក់ពីបញ្ហាសុខភាព សម្តេចប្រធានព្រឹទ្ធសភា ក៏បានផ្តាំផ្ញើដល់ពលរដ្ឋឱ្យប្រុងប្រយ័ត្នពីជំងឺរាត្បាតនេះ ដោយសម្តេចសង្កត់ធ្ងន់ថា៖«ជំងឺកូវីដមិនទាន់ទៅណាឆ្ងាយទេសូម ប្រុងប្រយ័ត្នទាំងអស់គ្នា»

រូបភាពតំណាង
រូបភាពតំណាង

សូមរំឭកថា សម្តេចតេជោ ហ៊ុន សែន ​ធ្លាប់ប្រកាស​តាមហ្វេសប៊ុក​របស់​លោកកាលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ពីការវិជ្ជមានជំងឺកូវីដ-១៩ នេះ ម្ដងរួចមកហើយ។ ដោយកាលនោះសម្តេចត្រូវ​ខកខានចូលរួម​កិច្ច​ប្រជុំកំពូល​ G20​ នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី និងកិច្ចសន្ទនាក្រៅផ្លូវការរបស់ថ្នាក់ដឹកនាំ APEC នៅទីក្រុងបាងកក នៃព្រះរាជាណាចក្រថៃផងដែរ៕

សម្តេចតេជោ ហ៊ុន សែន កាលនៅជានាយករដ្ឋមន្ត្រី ក្នុងឆ្នាំ២០២២
សម្តេចតេជោ ហ៊ុន សែន កាលនៅជានាយករដ្ឋមន្ត្រី ក្នុងឆ្នាំ២០២២
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត