រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានក្រើនរំឭកដល់មន្ត្រីទាំងអស់ឱ្យបម្រើប្រជាពលរដ្ឋឱ្យបានល្អ ស្អាតស្អំ និងមានប្រសិទ្ធភាព។ ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ប្រព្រឹត្តទៅនៅវិមាន៧មករា ជាទីស្នាក់ការគណបក្សកាន់អំណាចមួយនេះ នាព្រឹកថ្ងៃទី២៨មិថុនា ឆ្នាំ២០២៥ សម្តេចដាស់តឿនដូច្នេះថា៖«មន្ត្រីគ្រប់រូបត្រូវធ្វើតែអំពើល្អ មិនធ្វើអ្វីឱ្យប៉ះពាល់ដល់សិទ្ធិ និងប្រយោជន៍ប្រជាជន និងមិនត្រូវមានឥរិយាបថជាចៅហ្វាយនាយប្រជាជនឡើយ»។

ប្រធានគណបក្សកាន់អំណាច បន្ថែមថា អំពើល្អរបស់មន្ត្រីគណបក្សនៅគ្រប់ថ្នាក់ គ្រប់ផ្នែក គឺជាយុទ្ធសាស្ត្រឈ្នះរបស់គណបក្សនៅគ្រប់កាលៈទេសៈ។ ប្រជាជនយល់ដឹងពីគណបក្ស ជឿលើគណបក្ស ហើយចូលរួមសកម្មអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស គឺតាមរយៈជួរមន្ត្រីនេះឯង។ ហេតុនេះ សម្តេច ណែនាំមន្ត្រីគណបក្សឱ្យរក្សាជំហររឹងមាំ និងស្អាតស្អំ ប្រកបដោយសមត្ថភាព គុណធម៌ និងសីលធម៌។ សម្តេច បន្តថា ប្រជាជនត្រូវការតួនាទីដឹកនាំរបស់គណបក្ស និងគាំទ្រគណបក្ស ប៉ុន្តែប្រជាជនមិនសប្បាយចិត្តឡើយចំពោះទង្វើខុសឆ្គងរបស់មន្ត្រីមួយចំនួន។

សម្តេចក៏បានសម្ដែងនូវការកោតសរសើរ គោរពដឹងគុណ ចំពោះបងប្អូនជនរួមជាតិនៅគ្រប់ទិសទី បណ្តាគណបក្សនយោបាយ និងគ្រប់មជ្ឈដ្ឋានផ្សេងៗទៀតក្នុងសង្គម ដែលមានការជឿជាក់ និងគាំទ្រដល់ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ធ្វើឱ្យគណបក្សមានលទ្ធភាពពេញលេញក្នុងការបម្រើជាតិ។ សម្តេចក៏មិនភ្លេចអរគុណចំពោះបណ្តាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិនានា ដែលបានជួយឧបត្ថម្ភគាំទ្រចំពោះបុព្វហេតុដ៏ត្រឹមត្រូវ និងយុត្តិធម៌របស់ប្រជាជនកម្ពុជា តាំងពីដំណាក់កាលសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍រៀងរហូតមក។ គួរជម្រាបថា គណបក្សប្រជាជនកម្ពុជាត្រូវបានបង្កើតឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១៕




