កងទ័ពកម្ពុជា១៨នាក់ ដែលថៃចាប់ខ្លួនសរសេរសំបុត្រផ្ញើមកគ្រួសារជាលើកដំបូងតាម«កាកបាទក្រហមអន្តរជាតិ»
អុន សម្ផស្ស
10 កញ្ញា 2025 03:00 AM

រាជធានីភ្នំពេញ៖ កងទ័ពកម្ពុជាចំនួន១៨នាក់ ដែលយោធាថៃប្រើល្បិចកិច្ចកល ព័ទ្ធចាប់ធ្វើជាឈ្លើយសឹក ក្រោយបទឈប់បាញ់ចូលជាធរមាន ពេលនេះ មានឱកាសសរសេរសំបុត្រ តបជាមួយក្រុមគ្រួសារ ប្រពន្ធកូន ជាលើកដំបូង តាមរយៈគណៈកម្មការកាកបាទក្រហមអន្តរជាតិ (ICRC)។ នេះបើតាមការអះអាងរបស់ប្រធានគណៈប្រតិភូថ្នាក់តំបន់ នៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ បញ្ជាក់ប្រាប់ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី៩កញ្ញា ឆ្នាំ២០២៥..។

តាមរយៈជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយជាមួយ លោកឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ លោក Jurg Montani ប្រធានគណៈប្រតិភូថ្នាក់តំបន់នៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ បានចែករំលែកនូវព័ត៌មាន ដែលក្រុមកាកបាទក្រហមអន្តរជាតិបានចុះសួរសុខទុក្ខកងទ័ពកម្ពុជាទាំង១៨នាក់ ជាលើកទី២ ដោយអះអាងថា វីរយុទ្ធជនកម្ពុជាទាំង១៨រូបកំពុងមានសុវត្ថិភាព។ លោក Jurg Montani ថ្លែងថា«ចំពោះការចុះសួរសុខទុក្ខលើកទី២ ពីសំណាក់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) នោះ បានទទួលព័ត៌មានថា ទាហានទាំង១៨រូបនៃកងយោធពលខេមរភូមិន្ទ ដែលកំពុងស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា»

ក្នុងពេលជាមួយគ្នា លោក Jurg Montani បញ្ជាក់ថា ក្រុមការងារគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ បានប្រគល់សារដំណឹងគ្រួសារ ដែលកាកបាទក្រហមកម្ពុជា ទទួលបានពីភរិយា បងប្អូន និងកូនៗ របស់កងទ័ពកម្ពុជាទាំង១៨នាក់ ហើយពួកគាត់ទាំង១៨នាក់ ក៏បានសរសេរសារតបត្រឡប់មកវិញ ដោយស្របតាមអនុសញ្ញាទីក្រុងហ្សឺណែវ។ លោក Jurg Montani មានប្រសាសន៍សង្កត់ធ្ងន់ថា៖«សារដំណឹងគ្រួសារនេះ មិនមាននរណាម្នាក់ដឹងពីខ្លឹមសារនៅក្នុងលិខិតក្រៅពីសាមីខ្លួន និងក្រុមគ្រួសារតែប៉ុណ្ណោះ សូម្បីតែមន្ត្រីបុគ្គលិករបស់កាកបាទក្រហមកម្ពុជា ក៏មិនអាចដឹងបានដែរ ព្រោះនេះជាការសម្ងាត់។ ដោយឡែក ពាក់ព័ន្ធជាមួយរូបភាពវីរយុទ្ធជន គឺយើងមិនអាចបញ្ចេញរូបភាពបានទេ គឺស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ»គួរកត់សម្គាល់ថា ក្នុងថ្ងៃជាមួយគ្នា នៃការប្រកាសដំណឹងរបស់ក្រសួងការពារជាតិនេះ ក្រុមគ្រួសាររបស់វីរកងទ័ពម្នាក់ក្នុងចំណោមកងទ័ពទាំង១៨នាក់ បានបង្ហោះសារលើបណ្តាញសង្គម បង្ហាញពីអារម្មណ៍ត្រេកអរ ដែលបានទទួលដំណឹងថា សាច់ញាតិខ្លួនមានសុខសវត្ថិភាព។ 

សាច់ញាតិវីរកងទ័ពម្នាក់ក្នុងចំណោម១៨នាក់ដែលថៃចាប់ខ្លួន។
សាច់ញាតិវីរកងទ័ពម្នាក់ក្នុងចំណោម១៨នាក់ដែលថៃចាប់ខ្លួន។

សូមជម្រាបថា គិតមកត្រឹមថ្ងៃទី១០កញ្ញា ឆ្នាំ២០២៥នេះ គឺមានរយៈពេល៤៣ថ្ងៃហើយ ដែលវីរកងទ័ពកម្ពុជា១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។ ខណៈក្រសួងការពារជាតិកម្ពុជា នៅតែបន្តអំពាវនាវឱ្យភាគីថៃ ដោះលែងពួកគាត់ឱ្យត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត