
រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ តាមរយៈបណ្តាញសង្គមរបស់ខ្លួនបានចេញមកបំភ្លឺ ជម្រះមន្ទិលមួយចំនួនទាក់ទងនឹងការងាររបស់រាជរដ្ឋាភិបាល លើដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ក្រោយសម្តេចកត់សម្គាល់ថា មួយរយៈនេះមានការជជែកគ្នាក្នុងបណ្ដាញសង្គមលើប្រធានបទមួយចំនួន រួមទាំងការចោទនូវសំណួរមួយចំនួន ដែលបង្កើតជាភាពស្រពិចស្រពិល រហូតដល់មានបុគ្គលខ្លះយកទៅធ្វើអាជីវកម្ម ដើម្បីកេងចំណេញផ្នែកនយោបាយ...។

សម្តេចនាយករដ្ឋមន្ត្រីបំភ្លឺ៤ចំណុចធំៗរួមមាន៖ ទី១.តើហេតុអ្វីរាជរដ្ឋាភិបាលស្ងាត់ស្ងៀមម្ល៉េះ? ចំណុចនេះ មេដឹកនាំកម្ពុជាលើកឡើងថា មិនមែនទាល់តែនាយករដ្ឋមន្ត្រី ឬឥស្សរជនសំខាន់ៗបញ្ចេញសារតាមទូរទស្សន៍ ឬបណ្តាញសង្គមជាប្រចាំទើបមានន័យថា រាជរដ្ឋាភិបាលសកម្មនោះទេ។ ផ្ទុយមកវិញសម្តេចពន្យល់ថា នៅក្នុងដំណាក់កាលដែលសភាពការប្រែប្រួលលឿន និងមិនច្បាស់លាស់ ការធានានូវសង្គតិភាពនៃព័ត៌មាន គឺសំខាន់ណាស់ ដើម្បីកុំឱ្យមានបញ្ហាច្របូកច្របល់ក្នុងអារម្មណ៍ របស់ប្រជាពលរដ្ឋ។ ក្នុងគោលដៅនេះ រាជរដ្ឋាភិបាល បានរៀបចំយន្តការ និងប្រគល់ភារកិច្ចដល់ក្រុមអ្នកនាំពាក្យ ដែលមានអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងក្រសួងការបរទេស ធ្វើកិច្ចការងារផ្សព្វផ្សាយព័ត៌មានជាប្រចាំ។ បន្ថែមលើយន្តការនេះ ក្រសួងស្ថាប័នពាក់ព័ន្ធ ដូចជាក្រសួងការបរទេស ក្រសួងព័ត៌មាន រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន គណៈអភិបាលខេត្តពាក់ព័ន្ធ ។ល។ ក៏មានផ្សព្វផ្សាយនូវវិធានការសំខាន់ៗរបស់ខ្លួន ឱ្យប្រជាពលរដ្ឋបានជ្រាបជាប់ជាប្រចាំ។

ទី២.តើរាជរដ្ឋាភិបាលបានបញ្ជារឱ្យកងទ័ពជួរមុខនៅសមរភូមិដកថយទេ ក្រោយពីចរចាបទឈប់បាញ់? ចម្លើយខ្លីរបស់សម្តេចថា គឺគ្មានទេ! ទន្ទឹមគ្នានេះ ក្នុងកិច្ចចរចាបទឈប់បាញ់ ក៏គ្មានការដាក់លក្ខខណ្ឌឱ្យកងទ័ពភាគីណា ដកថយពីទីតាំងឈរជើងរបស់ខ្លួននោះដែរទេ។ ដោយឡែក ចំពោះសំណួរដែលថា តើការចរចានានាក្នុងពេលកន្លងមក មានភ្ជាប់លក្ខខណ្ឌជាមួយកាត់ដោះដូរដីឬទេ? ចំណុចនេះ សម្តេច អះអាងថា៖«ចម្លើយខ្លី គឺគ្មានទេ!»។ សម្តេចពន្យល់ថា ការចរចាបទឈប់បាញ់ថ្ងៃ២៨កក្កដា នៅប្រទេសម៉ាឡេស៊ី គឺនិយាយពីបទឈប់បាញ់គ្នាតែប៉ុណ្ណោះ។ ចំពោះការចរចាទ្វេភាគី កន្លងមកដោយរាប់ទាំង Extraordinary GBC រវាងរដ្ឋមន្ត្រីក្រសួងការពារជាតិ និងកិច្ចប្រជុំថ្នាក់តំបន់រវាងយោធភូមិភាគ (RBC) ក៏មិនមាននិយាយពីការកំណត់ព្រំដែននោះដែរ។

សម្តេចគូសរំលេចថា៖«រាល់លទ្ធផលនៃកិច្ចប្រជុំ[រាប់ទាំងប្រជុំពិសេសថ្ងៃទី២៨ កក្កដា, ប្រជុំវិសាមញ្ញ GBC និង RBC] សុទ្ធតែបង្ហាញជាសាធារណៈទាំងអស់។ គ្មានការលាក់បាំង ហើយក៏គ្មាន ការចរចាសម្ងាត់ណាផ្សេង ក្រៅពីកិច្ចប្រជុំទាំងនោះដែរ»។ ចំពោះកិច្ចការចរចាព្រំដែនកម្ពុជា នៅតែប្រកាន់យកជំហរនៃការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការព្រំដែនដែលមានស្រាប់ គឺគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ (JBC) ដោយផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃ ដែលមានជាធរមាន សន្ធិសញ្ញាពាក់ព័ន្ធ និងច្បាប់អន្តរជាតិ។

ដោយឡែក ចំពោះសំណួរថា តើរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អត់មានជួយអ្វីដល់កងទ័ពជួរមុខទេ បានជាឃើញតែសប្បុរសជនជួយ? ចម្លើយរបស់សម្តេចធិបតី ថា រាជរដ្ឋាភិបាលមិនដែលបោះបង់ការទទួលខុសត្រូវរបស់ខ្លួន ចំពោះបងប្អូនវីរកងទ័ព វីរនគរបាលជាតិ និងប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ប៉ះពាល់ដោយសារការប្រយុទ្ធគ្នា ឬមានការបំពានផ្សេងៗនោះទេ។ ក្នុងន័យនេះ សម្តេចក៏សូមការយោគយល់ ដែលក្រសួង ស្ថាប័នរបស់រដ្ឋ មិនបានថតបង្ហោះ ឬដាក់ចេញនូវរបាយការណ៍ជាសាធារណៈ អំពីការងារធានា និងផ្គត់ផ្គង់ដល់កងទ័ពជួរមុខ ជាហេតុនាំឱ្យបងប្អូនមួយចំនួនយល់ច្រឡំថា រាជរដ្ឋាភិបាលមិនបានយកចិត្តទុកដាក់ដល់កងទ័ពជួរមុខ។ ត្រង់ចំណុចនេះ សម្តេចបន្ថែមថា ការគិតគូរជាប្រចាំរបស់រាជរដ្ឋាភិបាល ក៏មិនត្រឹមតែសម្រាប់កងទ័ពជួរមុខ និងប្រជាពលរដ្ឋនៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយសារបញ្ហាព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែរាជរដ្ឋាភិបាលត្រូវគិតគូរជាប្រចាំសម្រាប់កងទ័ព និងប្រជាជនទូទាំងប្រទេស និងគ្រប់វិស័យតែម្ដង។

ក្រៅតែពីពន្យល់នូវចំណុចទាំង៤ធំៗខាងលើ សម្តេចនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលមានទឹកចិត្តស្នេហាជាតិ និងគាំទ្រដល់កងកម្លាំងជួរមុខ តាមរយៈការជួយឧបត្ថម្ភគាំទ្រជាស្បៀងអាហារ សម្ភារ មធ្យោបាយធ្វើដំណើរ បន្ថែមលើអ្វីដែលរាជរដ្ឋាភិបាលបានដោះស្រាយ។ សម្តេចមានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងស្វាគមន៍នូវស្មារតីសាមគ្គីជាតិខ្មែរ ខ្មែរជួយខ្មែរនេះ តាំងតែពីមុនផ្ទុះអាវុធ កាលពីថ្ងៃទី២៤កក្កដាមកម្ល៉េះ។ ពេលនេះជាពេលលំបាក ដែលយើងត្រូវរួបរួមសាមគ្គីគ្នា ជួយគ្នា ដើម្បីរួមគ្នាដោះស្រាយបញ្ហា។ សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា៖«ខ្ញុំសង្ឃឹមថា ការបញ្ជាក់ដោយខ្លីប៉ុន្មានចំណុចខាងលើ និងអាចដោះស្រាយចម្ងល់មួយចំនួន ដែលខ្ញុំបានឃើញតាមបណ្ដាញសង្គមនៅពេលកន្លងមកនេះ»។ ដូច្នេះ សូមជនរួមជាតិទាំងអស់ ជឿទុកចិត្តលើរាជរដ្ឋាភិបាល ដែលកំពុងធ្វើកិច្ចការងារយ៉ាងសកម្ម ក្នុងការស្វែងរកដំណោះស្រាយបញ្ចប់បញ្ហាឱ្យបានឆាប់រហ័ស ដើម្បីឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជន បើទោះជាកិច្ចការជាច្រើនមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈ ដែលមើលទៅហាក់ដូចជាមានភាពស្ងាត់ស្ងៀមពេកក៏ដោយ៕



