ក្រុមហ៊ុនចិន ចង់រកស៊ីចម្រាញ់ប្រេងឆៅនៅកម្ពុជា
អុន សម្ផស្ស
06 ឧសភា 2025 06:44 AM

រាជធានីភ្នំពេញ៖ ក្រុមហ៊ុន Beijing Scitech Holdings Co., Ltd. បានបង្ហាញចំណាប់អារម្មណ៍ និងស្វែងរកឱកាសវិនិយោគលើការចម្រាញ់ប្រេងឆៅ និងការផលិត ផលិតផលផ្សេងៗដែលជាការកែច្នៃចេញពីសំណល់នៃការចម្រាញ់ប្រេងឆៅនៅកម្ពុជា..។

លោក Zhu Yujiang ក្នុងជំនួបជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោក Zhu Yujiang ក្នុងជំនួបជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ការបង្ហាញចំណាប់អារម្មណ៍របស់លោក ជូ យីជៀង (Zhu Yujiang) ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនចិន Beijing Scitech Holdings ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥។ ក្នុងជំនួបនោះ លោក ជូ យីជៀង បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា។ លោកថែមទាំងកត់សម្គាល់ថា កម្ពុជាតែងមានការផ្លាស់ប្ដូរជាវិជ្ជមានជានិច្ច​ នៅរាល់ពេលដែលលោកមកម្ដងៗ។

លោក Zhu Yujiang ក្នុងជំនួបជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោក Zhu Yujiang ក្នុងជំនួបជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ទន្ទឹមគ្នានេះ លោក ជូ យីជៀង បានបង្ហាញក្ដីសោមនស្សរីករាយចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការចិន-កម្ពុជា​កាន់តែរឹងមាំ។ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនចិនរូបនេះ បានជម្រាបជូនសម្ដេចនាយករដ្ឋមន្ត្រី អំពីចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជាលើការចម្រាញ់ប្រេងឆៅ។ លោកបញ្ជាក់ថា៖«ការវិនិយោគនេះនឹងរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក៏ដូចជាការជំរុញដល់ការបង្កើនផលិតភាពនៃផលិតកម្មរបស់កម្ពុជា ផងដែរ»។  

លោក Zhu Yujiang ក្នុងជំនួបជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោក Zhu Yujiang ក្នុងជំនួបជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ជាការឆ្លើយតប សម្តេចធិបតីនាយករដ្ឋមន្ត្រី ស្វាគមន៍ចំពោះលោកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន និងសហការី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានសម្ដែងក្ដីសោមនស្សរីករាយចំពោះក្រុមហ៊ុន ដែលមានចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ មេដឹកនាំកម្ពុជាគូសបញ្ជាក់ថា៖«កម្ពុជាតែងតែស្វាគមន៍ចំពោះបណ្ដាក្រុមហ៊ុនវិនិយោគនានា​ ដែលចាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា»

លោក Zhu Yujiang ក្នុងជំនួបជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោក Zhu Yujiang ក្នុងជំនួបជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

បន្ថែមលើនេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានគូសរំលេចអំពីការដាក់ចេញនូវគោលនយោបាយ និងវិធានការនានារបស់រាជរដ្ឋាភិបាល ក្នុងការលើកទឹកចិត្តដល់បណ្ដាក្រុមហ៊ុន ដែលវិនិយោគលើខ្សែច្រវាក់ផ្គត់ផ្គង់។ ការវិនិយោគលើខ្សែច្រវាក់ផ្គត់ផ្គង់ ​ គឺជាទិសដៅដ៏សំខាន់របស់កម្ពុជា ក្នុងការជំរុញការផលិតនូវផលិតផលពាក់កណ្ដាលសម្រេច ក៏ដូចជាផលិតផលសម្រេច ដើម្បីបម្រើទៅដល់ការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងសម្រាប់ការនាំចេញទៅតំបន់​ និងសកលលោក។ បន្ថែមលើនេះ ប្រមុខរាជរដ្ឋាភិបាល លើកទឹកចិត្តឱ្យក្រុមហ៊ុន Beijing Scitech Holdings ពិនិត្យ និងពិចារណាក្នុងការវិនិយោគលើខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា ព្រមទាំងបន្តផ្សារភ្ជាប់ទំនាក់ទំនង និងសិក្សាលម្អិតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីចាប់យកកាលានុវត្តភាពក្នុងការវិនិយោគនៅកម្ពុជា។  

សកម្មភាពបូមប្រេងនៅកម្ពុជាកាលពីពេលកន្លងទៅ។
សកម្មភាពបូមប្រេងនៅកម្ពុជាកាលពីពេលកន្លងទៅ។

សូមរំឭកដែរថា កាលពីចុងឆ្នាំ២០២០ កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានផ្តល់សិទ្ធិឱ្យក្រុមហ៊ុនរបស់សិង្ហបុរីមួយឈ្មោះ Kris Energy បូមប្រេងនៅដែនសមុទ្ទកម្ពុជា។ យ៉ាងណាក្រោយដំណើរកាលបានមួយរយៈ នៅដើមខែមិថុនា ឆ្នាំ២០២១ ក្រុមហ៊ុនក៏បានប្រកាសក្ស័យធន មិនអាចបន្តអាជីវកម្មបានតទៅទៀត៕

លោក Zhu Yujiang ក្នុងជំនួបជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោក Zhu Yujiang ក្នុងជំនួបជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
សកម្មភាពបូមប្រេងរបស់ក្រុមហ៊ុន KrisEnergyកន្លងមកនៅប្លុកA។ រូបថត៖ ក្រសួងរ៉ែ និងថាមពល
សកម្មភាពបូមប្រេងរបស់ក្រុមហ៊ុន KrisEnergyកន្លងមកនៅប្លុកA។ រូបថត៖ ក្រសួងរ៉ែ និងថាមពល
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត