មេដឹកនាំកម្ពុជា-កុំមិនវែលដូមីនីក ជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរីកចម្រើនរឹងមាំ
អុន សម្ផស្ស
09 តុលា 2025 07:45 AM

រាជធានីភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងកុំមិនវែលដូមីនីក តាមរយៈជំនួបទ្វេភាគីនៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ បានឯកភាពគ្នាពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរីកចម្រើន ខណៈទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរឈានដល់ខួបលើកទី១៥...។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារនៅកម្ពុជា លោក រ៉ូសឺវែល ស្កឺរីត (Roosevelt Skerrit) នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក និងគណៈប្រតិភូជាន់ខ្ពស់ បានចូលជួបទ្វេភាគីជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីពិភាក្សាការងារ។ មានប្រសាសន៍ក្នុងជំនួបនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ចាត់ទុកដំណើរទស្សនកិច្ចការងាររបស់នាយករដ្ឋមន្ត្រីកុំមិនវែលដូមីនីក ជាកាលានុវត្តភាពដ៏សំខាន់ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការទ្វេភាគី។ សម្តេចថា ឆ្នាំនេះគឺជាខួបលើកទី១៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ តាមរយៈជំនួននេះមេដឹកនាំកម្ពុជា ក៏បានឆ្លៀតជម្រាបជូន លោក រ៉ូសឺវែល ស្កឺរីត អំពីស្ថានភាពព្រំដែន ដែលកម្ពុជាកំពុងកើតមានជាមួយថៃ។ ចំពោះមុខគណៈប្រតិភូបរទេស សម្តេចធបតី គូសរំលេចថា៖«ជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃដោយសន្តិវិធី ផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា និងសន្ធិសញ្ញាដែលមានស្រាប់ និងច្បាប់អន្តរជាតិ»។ 

ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រីកុំមិនវែលដូមីនីក បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា ព្រមទាំងបានបង្ហាញជំនឿជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចធិបតី កម្ពុជានឹងកាន់តែមានការអភិវឌ្ឍរីកចម្រើន និងវិបុលភាពបន្ថែមទៀត។ លោកថែមទាំងបង្ហាញការពេញចិត្ត ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគីដ៏ល្អ និងមានជំនឿជាក់ថា កិច្ចសហប្រតិបត្តិការនឹងកាន់តែរីកចម្រើន និងស៊ីជម្រៅថែមទៀត។ ដោយឡែក ចំពោះបញ្ហាជម្លោះព្រំដែន ដែលកម្ពុជា កំពុងកើតមានជាមួយភាគីថៃ លោក រ៉ូសឺវែល ស្កឺរីត លើកឡើងថា លោកយល់ច្បាស់ពីបញ្ហានេះ និងគាំទ្រចំពោះការដោះស្រាយបញ្ហាព្រំដែននេះដោយសន្តិវិធី។ក្រៅអំពីពីជជែកពិភាក្សាចំណុចមួយចំនួនខាងលើ មេដឹកនាំទាំងពីរបានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នា អំពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមានជាអាទិ៍៖ នយោបាយ-ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ និងការផ្លាស់ប្ដូរ រវាងប្រជាជន និងប្រជាជន។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក រ៉ូសឺវែល ស្កឺរីត បានវាយតម្លៃខ្ពស់ ចំពោះការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា «ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ»។ យន្តការ«អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ» នេះនឹងប្រព្រឹត្តទៅរៀងរាល់ពីរឆ្នាំម្ដង និងផ្តោតលើប្រធានបទ៖ ១.នយោបាយ ការទូត កុងស៊ុល និងសន្តិសុខ, ២.សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ, និង៣.វប្បធម៌ បរិស្ថាន ការអប់រំ បណ្ដុះបណ្ដាល ការស្រាវជ្រាវ និងអភិវឌ្ឍន៍។ ក្នុងជំនួបដដែលនេះ មេដឹកនាំទាំងពីរ ថែមទាំង ឯកភាព និងលើកទឹកចិត្តក្រសួង ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរបន្តពង្រឹង និងពង្រីក ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំថែមទៀត ជាពិសេសតាមរយៈយន្តការពិគ្រោះយោបល់ដែលបានចុះហត្ថលេខានាពេលនេះ៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត