
រាជធានីភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងស្ត្រីទី១ លោកជំទាវ ពេជ ចន្ទមុន្នី រួមទាំងគណៈប្រតិភូជាន់ខ្ពស់ នឹងចាកចេញពីប្រទេសនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីទៅចូលរួម«សន្និសីទអង្គការសហប្រជាជាតិស្តីពីមហាសមុទ្រលើកទី៣»នៅទីក្រុងនីស ប្រទេសបារាំង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា..។

ដំណើរអញ្ជើញរបស់មេដឹកនាំកម្ពុជា ទៅចូលរួមសន្និសីទនៅប្រទេសបារាំងរយៈពេល៣ថ្ងៃនេះ គឺតបតាមការអញ្ជើញរបស់ លោក Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និងលោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ(អ.ស.ប.)។ក្រោមប្រធានបទ«ការពន្លឿនសកម្មភាព និងការកៀរគរគ្រប់តួអង្គ ដើម្បីរក្សានិងប្រើប្រាស់មហាសមុទ្រប្រកបដោយចីរភាព» មេដឹកនាំកម្ពុជានឹងធ្វើសេចក្តីថ្លែងការណ៍ជាតិ នៅក្នុងកិច្ចពិភាក្សាទូទៅ ដោយគូសបញ្ជាក់ពីចក្ខុវិស័យ ការប្តេជ្ញាចិត្ត និងគំនិតផ្តួចផ្តើមរបស់កម្ពុជា ពាក់ព័ន្ធអភិបាលកិច្ចមហាសមុទ្រ ភាពធន់នឹងអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព។

ក្រៅតែពីការចូលរួមសន្និសីទ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបទ្វេភាគី ជាមួយថ្នាក់ដឹកនាំប្រទេសនានា ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រឹងការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការពហុភាគី។ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត នឹងធ្វើដំណើរទៅជាមួយសម្តេចធិបតី។

ក្រសួងការបរទេកម្ពុជា ចាត់ទុកថា ការចូលរួមរបស់កម្ពុជា បញ្ជាក់ពីការយកចិត្តទុកដាក់យ៉ាងមុតមាំចំពោះកិច្ចខិតខំប្រឹងប្រែង ជាសកលក្នុងការដោះស្រាយបញ្ហាប្រឈមទាក់ទងនឹងមហាសមុទ្រ និងការលើកកម្ពស់ការប្រើប្រាស់ប្រកបដោយចីរភាពនៃធនធានមហាសមុទ្រ និងសមុទ្រ ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងគោលដៅទី១៤ (គឺសំដៅដល់ជីវិតក្រោមទឹក)៕




